កាលពីពេលថ្មីៗនេះក្រុមហ៊ុន Nissan Motor Co និង Renault SA បានបង្ហើបថា ពួកគេកំពុងមានបំណងបណ្ដាក់ទុននៅប្រទេសឥណ្ឌា ប្រមាណ ៦០០ លានដុល្លារ ដើម្បីផលិតរថយន្តថ្មី ៦ ម៉ូដែល។
យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ក្រុមហ៊ុនជប៉ុន និងបារាំង នឹងធ្វើការលើគម្រោងមួយនេះ ហើយក៏មានបំណងកែប្រែទីក្រុង Chennai ឲ្យក្លាយជាមជ្ឈមណ្ឌលនាំចេញរថយន្តធំផងដែរ។
ក្រុមហ៊ុនទាំង ២ ខាងលើ នឹងផលិតរថយន្តថ្មីៗ ៣ ម៉ូដែលរៀងៗខ្លួន ហើយក៏នឹងអាចសហការគ្នាលើម៉ូដែលផ្សេងទៀត ក៏ដូចជាធ្វើការជាមួយគ្នាសម្រាប់ការនាំចេញទំនិញរបស់ពួកគេផងដែរ។
រថយន្ត ៦ ម៉ូដែលនោះ នឹងមាន ២ ម៉ូដែលជាប្រភេទរថយន្តអគ្គិសនី ហើយក៏ជារថយន្តអគ្គិសនីតំបូងដែលផលិតនៅក្នុងប្រទេសឥណ្ឌាស្រាប់ ខណៈ ៤ ម៉ូដែលទៀតជាប្រភេទរថយន្តស្ព័រ៕