វាពិតជាមិនគួរឲ្យជឿមែន តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ 21ឆ្នាំ។ ពិតជាលឿនពេកហើយគិតត្រឹមដើមឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនាបទចម្រៀងនាងរហូតដល់ជាង 100 លានដងទៅហើយ ដែលមានអ្នកគាំទ្រខ្លាំងបំផុតដែលមិនធ្លាប់មាននៅលើបណ្ដាញ youtube ក្នុងរយៈពេលខ្លី នៅកម្ពុជា។
តន់ ចន្ទសីម៉ាត្រូវបានគេដឹងថា ទើបតែចូលជាមួយផលិតកម្ម Galaxyកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ដោយបានចុះកុងត្រារយៈពេល ៥ឆ្នាំ។ ការវិវត្តន៍ខ្លួនពីតារាចម្រៀងឯករាជ្យ មកជាតារាចម្រៀងមានទ្រនំច្បាស់លាស់នេះ ត្រូវបានគេមើលឃើញថា នេះជាការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវមួយ ពីព្រោះថា តាំងពីឈានជើងចូលឆ្នាំ ២០២០ មានការប៉ាន់ប្រមាណរួចទៅហើយថា នាងនឹងផ្ទុះខ្លាំងនៅក្នុងឆ្នាំនេះ។
ការប៉ាន់ប្រមាណនោះ ដោយផ្នែកលើហេតុផលមួយចំនួនដូចជា ទី១សមត្ថភាពរបស់នាង ទី២ ឱកាស និងទី៣ គឺការលើកតម្កើងរបស់ទ្រនំដែលនាងជ្រក។ ផ្អែកលើកត្តាទាំងនោះ ជាក់ស្ដែងបច្ចុប្បន្ននាងកំពុងស្ថិតនៅក្នុងកម្រិតជាតារាចម្រៀងអាជីព ដ៏មានទេពកោសល្យម្នាក់ ដោយសារតែបទចម្រៀងរបស់នាងស្ទើរទាំងអស់ ទទួលបានគាំទ្រយ៉ាងច្រើនលើសលប់តាំងពីក្នុងស្រុក រហូតដល់អន្តរជាតិទៀត។
បទរបស់នាងមានច្រើននៅក្នុងផលិតកម្ម Galaxy ប៉ុន្តែនៅពេលនេះ សូមលើកយកបទចម្រៀងរបស់នាងតែ១០បទប៉ុណ្ណោះ មកបង្ហាញជូន ដោយក្នុងនោះ មួយបទៗមានអ្នកចូលទស្សនាច្រើនលានដងឯណោះ។ បទទាំងនោះមានដូចជា៖
ទី១/ បទ”គេនោះជាស្រីកាប់ដាវ” មានអ្នកចូលទស្សនាជាង១២លានដង។
ទី២/ បទ”យល់ច្រឡំថាគេស្រឡាញ់យើង” មានអ្នកចូលទស្សនាជាង១១លានដង។
ទី៣/ បទ”ឡានសារ៉ែន” មានអ្នកចូលទស្សនាជាង២៥ លានដង។
ទី៤/បទ “ក្រមុំឥសានក៏លាបឡេ”មានអ្នកចូលទស្សនាជាង ៥ លានដង។
ទី៥/បទ “ដណ្ដឹងអូនទៅ”មានអ្នកចូលទស្សនាជិត១០លានដង។
ទី៦/បទ “បើមិនស្មោះស្រឡាញ់គ្នារកងាប់អី” មានអ្នកចូលទស្សនាជិត៥លានដង។
ទី៧/បទ “កាកសង្សារ” មានអ្នកចូលទស្សនាជិត៥លានដង។
ទី៨/បទ “ជំងឺដាច់លុយ” មានអ្នកចូលទស្សនាជិត១០លានដង។
ទី៩/បទ “មិត្តប្រុសចេះ marketing” មានអ្នកចូលទស្សនាជិត៣លានដង។
ទី១០/បទ “ស្រីគ្នាយើង” មានអ្នកចូលទស្សនាជិត៣លានដង។
ចំនួនដង នៃការចូលទស្សនាបទចម្រៀងខាងលើរបស់ សីម៉ា គឺរាប់តែអ្នកចូលទស្សនាដោយផ្ទាល់ youtube របស់ Galaxy Navatra ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូល បណ្ដា youtube Channel និង Facebook ផ្សេងទៀតដែលយកទៅផុសបន្ត នោះឡើយ។
ការកើនឡើងប្រជាប្រិយភាពរយៈពេលខ្លីនេះ តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា បានក្លាយជាតារាចម្រៀងជួរមុខ ដោយមិនដឹងខ្លួន។ បែបនេះ ក៏មានដំណឹងល្ហិចល្ហៀងថា តម្លៃខ្លួននាងសម្រាប់ការចេញច្រៀងតាមកម្មវិធីផ្សេងៗនោះ ក៏ត្រូវបានកំណត់ជាថ្មីដោយផលិតកម្មរបស់នាងដែរ ពោលគឺស្ថិតក្នុងកម្រិតមួយខ្ពស់ជាងមុន យ៉ាងណាតួលេខនេះ មិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយ៕