អាជ្ញាធរ កំពុងសិក្សាជាមួយក្រសួងជំនាញសាងសង់ផ្លូវតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីព្រលានយន្តហោះ ដល់សាលាតិចណូ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសិក្សាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាជំនួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 លោក ឃួង ស្រេង លើកឡើងថា កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩  ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជម្ងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ អាជ្ញាធរបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

  លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា ក៏បានលើកឡើងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

 លោកបន្តថា ក្រុមហ៊ុនបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោកក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺ covid -19។ តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការឡើងវិញ ។

ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឲ្យកាន់តែប្រសើររឡើងថែមទៀតផងដែរ ។

ចំពោះការស្នើឡើងរបស់ក្រុមហ៊ុន ឲ្យមានការសហការគ្នា រាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងបញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ លោក ឃួង ស្រេងក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានភ្នំពេញនេះឲ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕