ប្រមុខដឹកនាំកំពូលឡាវ ផ្ដល់មេដាយអភិវឌ្ឍន៍ជាតិថ្នាក់ខ្ពស់បំផុតជូនអ្នកឧកញ៉ាកម្ពុជា ចំនួន ៤រូប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករជាច្រើនរូបបានអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអញ្ជើញទៅកាន់ប្រទេសឡាវបំពេញទស្សនកិច្ចផ្លូវការចំនួន ២ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញពីរដ្ឋាភិបាលឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលនៃការបំពេញបេសកកម្មការទូតរបស់ប្រមុខរាជរដ្ឋាភិបាលនៅប្រទេសឡាវជាលើកទី៤ នារសៀលថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីឡាវ លោក សន សៃ ស៊ីផាន់ដន បានរៀបចំពិធីប្រគល់មេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) មេដាយស្ថានាជាតិថ្នាក់លេខ២ (Second Class) និងមេដាយមិត្តភាព ជូនដល់អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំធុរកិច្ចធំៗ ព្រមទាំងឥស្សរជនដែលបានឧបត្ថម្ភសម្ភារៈ និងថវិកាដល់រដ្ឋាភិបាលឡាវ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក ចំពោះគុណបំណាច់នៃការចូលរួមបរិច្ចាគថវិការក្នុងយុទ្ធនាការជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលកន្លងមក។

ពិធីប្រគល់មេដាយទាំង ៣ថ្នាក់នេះ ធ្វើឡើងក្រោមវត្តមានលោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយមេដាយស្ថាបនាជាតិថ្នាក់កំពូល ( First Class) ប្រគល់ជូនដល់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលមានអ្នកឧកញ៉ា លាង ឃុន ដំណាង, អ្នកឧកញ៉ា ចេន ហ្ស៉ី ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប ដំណាងដោយលោក ហ្គុយ ឆាយ ភាគទុនិកធនាគារ ព្រីនស៍, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប។

សម្រាប់មេដាយស្ថាបនាជាតិថ្នាក់លេខ២ (Second Class) ជូនអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី គ្រុប ដំណាងលោក អ៉ឹង ស៊ីវម៉េង អគ្គនាយកក្រុមហ៊ុន ដូនពេញ គ្រុប, ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន បុរីប៉េងហួត ដោយមានអ្នកដំណាង និងមេដាយមិត្តភាព ជូនដល់លោក លី ហុង អនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។

សូមជម្រាបជូនថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ប្រមុខរដ្ឋា​ភិបាល​កម្ពុជា បា​នសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​២០ម៉ឺនដូស​ជូនដល់​រដ្ឋាភិបាលឡាវ​ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ។ 

ជាមួយគ្នានោះដែរ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជារបស់អតីតនាយករដ្ឋមន្រ្តី លោក ផនខាំ វីផាវ៉ាន់ កាល​ថ្ងៃទី​២៩​ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាក៏បានប្រគល់ទឹក​ប្រាក់ចំនួន ​១៣លានដុល្លារ​ និង​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ-១៩​ ៥០ម៉ឺន​ដុស​ដែលជា​ជំនួយរួមគ្នា​រវាងបណ្តា​អ្នកជំនួញធំៗ​ រួមនឹងរាជរដ្ឋាភិបាលកម្ពុជា៕