លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ តបការអញ្ជើញពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីអាល្លឺម៉ង នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលក្នុងឱកាសនោះទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។
ទន្ទឹមនឹងនោះ ប្រធានាធិបតី លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រម្ពុជា។
បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់ និងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខរបស់លោកប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕