រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ប៉ែន បូណា ស្នើសូមអ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA សរសេរឲ្យបានច្បាស់ កុំបង្កើតភាពមន្ទិលក្នុងសំណេររបស់ខ្លួនឲ្យមហាជនយល់ច្រឡំក្នុងចេតនាណាមួយឲ្យសោះ ចំពោះចំណាត់ការក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ចំនួនប្រទេសតួកគី។
លើទំព័រហ្វេសប៊ុកវិទ្យុ VOA កាលពីយប់ថ្ងៃទី១៣កុម្ភៈម្សិលមិញ បានផ្សាយវីដេអូ និងសរសេរព័ត៌មានក្នុងដើមថា «ការសោកស្តាយនៅក្នុងបន្ទប់ផ្សាយវីអូឌី ក្រោយរដ្ឋាភិបាលបញ្ជាឱ្យបិទការផ្សាយ។ ក្រសួងព័ត៌មានបានចេញសេចក្តីសម្រេចមួយនាថ្ងៃចន្ទនេះ ដោយបញ្ចប់ការផ្សាយរបស់វីអូឌី VOD Khmer តាមរយៈការដកអាជ្ញាបណ្ណ។ ការសម្រេចនេះធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនពេញចិត្តនឹងការផ្សាយរបស់សារព័ត៌មានមួយនេះ ពាក់ព័ន្ធនឹងកូនប្រុសរបស់លោក»។
ជុំវិញការសរសេរខ្លឹមសារពីវិទ្យុ VOA នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃអង្គាទី១៤កុម្ភៈនេះ លោក ប៉ែន បូណា បានគូសបញ្ជាក់ប្រាប់វិទ្យុ VOA អំពីស្នូលនៃសាច់រឿងនេះគឺ VOD បានផ្សាយព័ត៌មានមិនពិតដែលវាយប្រហារធ្ងន់ធ្ងរទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែ ពេលតួអង្គសំខាន់ដែលរងគ្រោះដោយសារព័ត៌មានមិនពិតរបស់ខ្លួន( ឯកឧត្តម ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឲ្យកែតម្រូវនិងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន, VOD មិនធ្វើអ្វីទាំងអស់។
លោកបន្តថា «ប្រតិកម្មរបស់ភាគីរងគ្រោះដោយសារព័ត៌មានមិនពិតមានដល់ទៅពីរលើក ( គឺឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់ គ្រាន់។ ប៉ុន្តែ VOD នៅតែមិនបានយកព័ត៌មានទាំងនោះមកផ្សាយឡើយដោយទុកឲ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្នុងន័យនេះ សូមកុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ គឺសារព័ត៌មាន(VOD) ទេដែលវាយប្រហារលើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃហើយមិនកែព្រមកែតម្រូវនិងមិនព្រមសុំទោស»។
ទន្ទឹមនឹងនោះ លោក ប៉ែន បូណា បន្ថែមថា អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឲ្យឃើញមុនសរសេរសាច់រឿង គឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។ ដូច្នេះ សូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឲ្យច្បាស់និងសរសេរឬអត្ថាធិប្បាយឲ្យត្រឹមត្រូវតាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិលដើម្បីកេងចំណេញនយោបាយ។
សូមជម្រាបជូនថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ថាបានចុះហត្ថលេខាជំនួសប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួស ១០ម៉ឺនដុល្លារដល់ប្រទេសតួកគី។
សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕