ប្រធានា​ធិបតី​អាល្លឺម៉ង់ ធ្វើដំណើរ​តា​មយន្តហោះ​ពិសេស មក​ដល់​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និង​លោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) បានធ្វើ​ដំណើរមកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​តាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដើម្បបំពេញ​ទស្សនកិច្ចផ្លូវនៅកម្ពុជា តបតាមការអញ្ជើញ របស់​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​និងជាប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅ​ក្នុងអំឡុងពេល​នៃដំណើរ​ទស្សន​​កិច្ចនេះ លោកប្រធានា​ធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិ​​បត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមាន​ផល​ប្រយោជន៍រួម នឹងត្រូវលើកយកមក​ពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះ​ករុ​​ណា ព្រះបាទ​​សម្តេច​ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកប្រធានាធិបតី នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និង​​ទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយ​​អាល្លឺម៉​ង់ និងអញ្ជើញទៅទស្សនា​សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់​លោក ប្រធានាធិបតី​អាល្លឺម៉ង់ មកកាន់កម្ពុជានេះ នឹងបើកទំព័រមាសក្នុង​ប្រវត្តិសាស្ត្រ​នៃទំនាក់​ទំនង​ជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ច​សហ​​ប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និង​ពង្រឹង​បន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ​​ដ៏ល្អ​​ដែលមានស្រាប់ សម្រាប់ជាផល​ប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕