ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក លើកោះបាលីប្រទេសឥណ្ឌូណេស៊ី កាលពីចុងឆ្នាំមុន លោក Jack Ma បានបង្ហាញទ្រឹស្ដីបី ដើម្បីចែករំលែកដល់សហគ្រិនបច្ចេកវិទ្យា។ ទ្រឹស្ដីទាំងនោះរួមមាន៖
កុំរង់ចាំឱ្យសង្គមត្រៀមខ្លួន
ជាញឹកញាប់មនុស្ស មិនធ្វើតាមគំនិតរបស់ពួកគេទេ ព្រោះពួកគេគិតថា សង្គមមិនត្រៀមខ្លួនរួចរាល់សម្រាប់អ្វី ដែលពួកគេបានគិត។
លោក Ma បាននិយាយកាលពីសប្ដាហ៍មុនថា៖ “ប្រសិនបើអ្វីៗគ្រប់យ៉ាងរួចរាល់នោះ អ្នកគ្មានតម្លៃទេ” ។
នេះជាមេរៀនមួយដែលមហាសេដ្ឋីរូបនេះ បានដឹងយ៉ាងច្បាស់។ នៅពេលលោកបង្កើតក្រុមហ៊ុន Alibaba នៅឆ្នាំ ១៩៩៩ មានមនុស្សតិចតួច មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ក្នុងការទិញ និងលក់ទំនិញអនឡាញ។ បច្ចុប្បន្នក្រុមហ៊ុននេះ បានក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅលើពិភពលោក។ ចង់បានន័យថា បើទោះគ្មានមនុស្សច្រើន ប្រើប្រាស់អ៊ីនធឺណិត ប៉ុន្តែលោកនៅតែបន្តដំណើរការ Alibaba ដដែល។
ជីវិតមិនងាយស្រួលនោះទេ
លោក Ma បានថ្លែងថា សហគ្រិនគួរតែទទួលយកការច្រានចោល។ លោកបានពន្យល់ថា ការរៀនដោះស្រាយ នូវការច្រានចោល បានបង្កើតឱ្យមានភាពមិនភ័យខ្លាច ដែលជាលក្ខណៈសំខាន់ ពួកគេគួរមាន។ ការដែលមិនចេះភ័យខ្លាច ក៏ធ្វើឱ្យមនុស្សមានសុទិដ្ឋិនិយមថែមទៀត ជួយឱ្យពួកគេ ពេលជីវិតប្រែប្រួលលំបាក។
លោក Ma បានរៀបរាប់រឿងខ្លួនឯងជាច្រើន អំពីការច្រានចោលដែលលោកប្រឈមមុខនៅក្នុងជីវិត ដូចជាពេលលោកត្រូវ បានបដិសេធមិនឱ្យធ្វើការនៅហាងអាហារសម្រន់ KFC ។
តើមនុស្សម្នាក់បង្កើតភាពក្លាហានយ៉ាងដូចម្តេច? នេះបើយោងតាមលោក Ma មនុស្សត្រូវមានការផ្លាស់ប្តូរផ្នត់គំនិតមួយចំនួន។
“ក្នុងនាមជាអ្នកលក់ អ្នកចេញទៅលក់អ្វីមួយ អ្នកគួរតែប្រាប់ខ្លួនអ្នកថា ថ្ងៃនេះខ្ញុំទៅដល់អតិថិជន ១០ នាក់ ពួកគេទាំងអស់គ្នានិយាយថា “ទេ” គឺជារឿងធម្មតា។ ប្រសិនបើអ្នកលក់ទៅឱ្យម្នាក់ ក្នុងចំណោមអ្នកទាំងនោះ អ្នកគួរតែសប្បាយចិត្ត”។
កុំរៀនដើម្បីជោគជ័យ
ក្រោយក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា ធំបំផុតមួយនៅក្នុងពិភពលោក Alibaba អាចនិយាយបានថា មហាសេដ្ឋី Ma ទទួលជោគជ័យ ប៉ុន្តែ “ភាពជោគជ័យ” មិនមែនជាអ្វីដែលលោក ចង់ចែករំលែកទៅសហគ្រិននោះទេ។
“យើងនឹងមិនបង្រៀនមនុស្សថាធ្វើយ៉ាងម៉េចជោគជ័យនោះទេ។ សាកលវិទ្យាល័យ Harvard និង Yale បង្រៀនមនុស្ស ពីរបៀបទទួលបានជោគជ័យ …ពេលមនុស្សរៀនរឿងជោគជ័យច្រើនពេក ពួកគេគិតថា ពួកគេអាចទទួលជោគជ័យ បានយ៉ាងងាយស្រួល”។
ផ្ទុយទៅវិញលោកចង់បង្រៀនអ្នកដទៃ ពីរបៀបយកឈ្នះលើឧបសគ្គនានា ដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ជីវិតសហគ្រិនដ៏លំបាក។
លោកមានប្រសាសន៍ថា៖ “យើងចង់ចែករំលែកជាមួយមនុស្ស ថាតើអ្វីជាកំហុស ដែលយើងបានធ្វើ។ វាជាកំហុសឆ្គង និងមេរៀន ដែលយើងត្រូវរៀន ដើម្បីអភិវឌ្ឍន៍ខ្លួន”៕
ប្រភព: សប្បាយ