កូរ៉េខាងត្បូង ត្រៀមជួយថៃ​ សាងសង់កន្លែងបាញ់បង្ហោះយានអវកាសដំបូងបំផុត

អន្តរជាតិ

ថ្មីៗនេះ សាធារណរដ្ឋកូរ៉េខាងត្បូង និងប្រទេសថៃ បានធ្វើការព្រមព្រៀងរួមគ្នា សម្រាប់គម្រោងក្នុងការសាងសង់ទីកន្លែងបាញ់បង្ហោះយានអវកាសដំបូងបំផុត នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទីភ្នាក់ងារព័ត៌មាន Yonhap បានបង្ហាញពីសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងវិទ្យាសាស្រ្ត និង ICT របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២៣ កន្លងទៅថា ក្រសួងបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអវកាស និងភូមិសាស្រ្តរបស់ប្រទេសថៃ ដើម្បីសហការគ្នា ក្នុងការសិក្សាទៅលើលទ្ធភាពសាងសង់ទីលានអវកាស តាមរយ:បច្ចេកវិទ្យាអវកាសរបស់ប្រទេសកូរ៉េខាងត្បូងផ្ទាល់ ។

គម្រោងដ៏ធំមួយនេះ​ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តកូរ៉េខាងត្បូង លោក Lee Jong-ho និងភាគីខាងថៃ ដែលតំណាងដោយលោក Anek Laothamatas បានធ្វើការពិភាក្សាគ្នា អំពីវិធីសាស្រ្តមួយចំនួន ដើម្បីអាចបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យអវកាស កាលពីខែវិច្ឆិកាឆ្នាំមុន។

គួរឱ្យដឹងផងដែរថា ​សាធារណរដ្ឋកូរ៉េ ធ្លាប់បានចូលរួម នៅក្នុងគម្រោងអវកាសមួយចំនួនរបស់ប្រទេសថៃរួចមកហើយ រួមទាំងគម្រោងផ្កាយរណប THEOS-2 ដែលជាផ្កាយរណបអុបទិកសង្កេតផែនដី។

ជម្រាបថា កូរ៉េខាងត្បូង គឺជាប្រទេសដែលមានពិសោធមួយ នៅក្នុងវិស័យអវកាស ដោយពួកគេបានសងសង់មជ្ឈមណ្ឌលអាវកាស Naro ដែលស្ថិតនៅភាគខាងត្បូងប្រទេស នៅក្នុងឆ្នាំ ២០០៩ ជាមួយនឹងការគាំទ្រដល់ការបាញ់បង្ហោះយានចំនួន ៦ លើករួចមកហើយ រួមទាំងការបាញ់បង្ហោះលើកចុងក្រោយ នៃរ៉ុក្កែត Nuri ដែលជារ៉ុក្កែតអវកាសដំបូងគេបង្អស់របស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំមុនផងដែរ ៕