មួយថ្ងៃក្រោយក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ចំនួនដល់ប្រទេសតួកគី នៅរសៀលថ្ងៃអង្គារទី១៤កុម្ភៈនេះ ប្រមុខរាជរដ្ឋាភិបាល សម្រេចផ្តល់ផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិក VOD ដែលមានបំណងចូលបំរើការងាររដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់លើបណ្តាញសង្គមតេឡេក្រាមថា «ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ»។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យបុគ្គលិកវិទ្យុ VOD ធ្វើការទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីសម្តេចតេជោ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ធ្ងន់ៗថា «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
បើតាមសម្តេចនាយករដ្ឋមន្រ្តី ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។
សូមបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកលើឧត្តមសេនីយឯក ហ៊ុន ម៉ាណែត។ នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕