កាលពីថ្ងៃទី ១៤ កុម្ភៈកន្លងទៅ ក្រុមហ៊ុន Airbnb បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ និងប្រាក់ប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ចំពេលវិស័យទេសចរណ៍កំពុងមានសន្ទុះឡើងវិញគួរឲ្យកត់សម្គាល់។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ក្រុមហ៊ុនមួយនេះទទួលបានចំណូលប្រហែល ៣១៩ លានដុល្លារ ហើយបើសរុបចំណូលប្រចាំឆ្នាំ ក្រុមហ៊ុនរកបាន ១,៩ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០២១ ក្រុមហ៊ុនខាតបង់ ៣៥២ លានដុល្លារ។
គួររំលឹកដែរថា កាលពីពាក់កណ្ដាលឆ្នាំ ២០២០ ក្រុមហ៊ុន Airbnb បានកាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតដល់ ១/៤ ឬប្រហែលជិត ២ ពាន់នាក់ ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍។
យ៉ាងណា កាលពីឆ្នាំទៅស្ថានភាពហាក់ល្អប្រសើរជាងពេលកន្លង ដោយប្រទេសជាច្រើនបានបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ ១៩ ទើបធ្វើឲ្យប្រជាជនអាចធ្វើដំណើរកម្សាន្តឆ្លងប្រទេសវិញបាន ក៏ដូចជាធ្វើឲ្យវិស័យទេសចរណ៍មានកំណើនឡើងវិញដូចគ្នា៕