កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានអះអាងថា រកឃើញបាឡុងចារកម្មនៅក្នុងដែនអាកាសរបស់ខ្លួន ខណៈចិនជាអ្នកបង្ហោះបាឡុងឆ្លើយតបថា វាគ្រាន់តែជាឧបករណ៍សម្រាប់សិក្សាពីបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះ។
បើទោះជាចិនបកស្រាយបែបណា ក៏អាមេរិកមិនព្រមទទួលយក និងថែមទាំងបានដាក់ឈ្មោះក្រុមហ៊ុនចិន ៦ ទៀតចូលក្នុងបញ្ជីខ្មៅ ដែលក្នុងនោះក៏មានក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចំនួន ២ ទៀតផង។ នេះបើតាមការចុះផ្សាយពី Nasdaq។
ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋទាំង ២ នោះគឺ China Electronics Technology Group Corporation 48th Research Institute និងក្រុមហ៊ុន Beijing Nanjiang Aerospace Technology។
ទាក់ទងនឹងបញ្ហាខាងលើ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថា៖ “ចិនសង្ឃឹមថា អាមេរិកនឹងបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលទៅលើសហគ្រាសចិន និងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន”៕