កសិករនៅស្រុកអន្លង់វែង៖ ដើមឆ្នាំ២០២៣ទីផ្សារដំឡូងមីល្អប្រសើរ ប៉ុន្តែ ជី និងប្រេង ឡើងថ្លៃជាងឆ្នាំមុន

សង្គម​ និង​សេដ្ឋកិច្ច

លោក ឈុន វណ្ណារិទ្ធី ដែលកសិករដាំដំឡូងមីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកឡើងថា នៅដើមឆ្នាំ២០២៣នេះ ទីផ្សារដំឡូងមី ហាក់មានភាពកាន់តែល្អប្រសើរជាងឆ្នាំ២០២១ ២០២២ កន្លងទៅ ប៉ុន្តែតម្លៃប្រេង ជី ថ្នាំ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពោលគឺមានតម្លៃឡើងជាងឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈុន វណ្ណារិទ្ធី បានឱ្យដឹងថា ទីផ្សារដំឡូងមីនៅដើមឆ្នាំ២០២៣នេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដែលធ្វើឱ្យកសិករមានក្តីសង្ឈឹមច្រើន ពោលតម្លៃ ៨៦០រៀល ទៅ៨៧០រៀលក្នុង១គីឡូក្រាម សម្រាប់ដំឡូងមីក្រៀម ដោយកាលឆ្នាំ២០២២ មានតម្លៃត្រឹមតែ ៨៤០រៀលក្នុង១គីឡូក្រាម ។ ចំណែកឯដំឡូងមីស្រស់ដោយកាលឆ្នាំ២០២២ ក្រោម៣០០រៀលក្នុង១គីឡូក្រាម នៅឆ្នាំ២០២៣នេះ តម្លៃ ៣៥០រៀល ទៅ ៣៦០រៀលក្នុង១គីឡូក្រាម មានការកើនឡើងជិត១០០រៀល ក្នុង១គីឡូ។
ដោយឡែក សម្រាប់ការនាំចេញ លោក បានឱ្យដឹងថា ភាគច្រើនគឺនាំទៅកាន់ប្រទេសថៃច្រើនជាងគេ ព្រោះជាទីតាំងជិតជាងការនាំចេញទៅប្រទេសផ្សេងៗ និងការនាំចេញទៅក្រុមហ៊ុនចំណីសត្វមួយចំនួននៅក្នុងតំបន់ផងដែរ។

ម្ចាស់ចំការដំឡូងមីរូបនេះ បានឱ្យដឹងទៀតថា កសិករនៅស្រុកអន្លង់វែង ស្ទើប្រមាណ៩០ភាគរយងាកមកប្រកបដាំដំឡូងមី ដោយសារមើលឃើញថា ទីផ្សារដំឡូងមីបច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរទៅៗ ជាប្រភពចំណូលដ៏សំខាន់មួយ ដែលពីមុនភាគច្រើនកសិករមានកម្រិតគ្រួសារមធ្យម និងខ្វះខាត ប៉ុន្តែមកដល់បច្ចុប្បន្ន អ្នកដែលមានជីវភាពធូរធារ ប្រែមកចាប់អារម្មណ៍នៅការដំដំឡូងមីនេះផងដែរ។ តួយ៉ាងចំពោះលោកផ្ទាល់ ក្នុងមួយរដូវប្រមូលដំឡូងមី អាចទទួលបានការចំណេញចាប់ពី ១ ២០០ដុល្លារ ទៅ ១ ៣០០ដុល្លារ ក្នុង១ហិកតា អាស្រ័យការថែទាំ។
លោក បានលើកឡើងបន្តថា ថ្វីត្បិតតែនៅឆ្នាំ២០២៣នេះ ទីផ្សារដំឡូងមីមានតម្លៃខ្ពស់ជាងឆ្នាំទៅពិតមែន ប៉ុន្តែ បើងាកមើលតម្លៃជី ប្រេង ថ្នាំ គឺមិនមានការរក្សាថេរ ឬថយចុះឡើយ ពោលគឺកាន់តែកើនឡើង ធ្វើឱ្យផលចំណេញមិនសូវលើសពីឆ្នាំ២០២២ប៉ុន្មានទេ។ ចំពោះឆ្នាំ២០២១ និង២០២២ តម្លៃដំឡូងមីមិនសូវបានថ្លៃពិតមែន ប៉ុន្តែប្រេង ថ្នាំ ជី អាចទទួលយកបានសមាមាត្រទៅនឹងផលចំណេញ។

លោក ឈុន វណ្ណារិទ្ធី បានគូសបញ្ជាក់ថា «សម្រាប់លោកផ្ទាល់ ទីផ្សារតម្លៃដំឡូងមីសព្វថ្ងៃគឺអាច ទទួលយកបានល្អប្រសើរ ប៉ុន្តែអ្វីដែលលោកចង់បាននោះគឺ សុំឱ្យតម្លៃជី ថ្នាំ ប្រេង មានការបញ្ចុះតម្លៃដូច ឆ្នាំមុន ៗ ឬកុំឱ្យមានការឡើងជាងហ្នឹងទៀត»