មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងពីការងារដែលអង្គការសហប្រជាជាតិនៅកម្ពុជាកំពុងធ្វើរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈមនៃវិបិត្តជំងឺកូវីដ ១៩។ នេះយោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់អង្គការសហប្រជាជាតិនៅកម្ពុជា នៅថ្ងៃទី២៤ ខែ មេសានេះ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ បានដកស្រង់សម្តីរបស់លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា គ្រាដែលលោកស្រីថ្លែងបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ ១៩។
ក្នុងនោះ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិនៅកម្ពុជាកំពុងធ្វើរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាប្រឈម។ យ៉ាងណា លោកស្រីក៏បានបន្តថា ខណៈពេលដែលជំងឺកូវីដ១៩ នេះជា វិបត្តិសេដ្ឋកិច្ចដ៏សាហាវ ប្រទេសកម្ពុជា អាចប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាឱកាស សម្រាប់ពង្រឹង និងផ្លាស់ប្តូរប្រព័ន្ធ សុខាភិបាលរបស់ប្រទេស ក៏ដូចជាសង្គមដែលមានភាពធនជាងមុន។
អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា«យើងត្រូវតែធ្វើការរួមគ្នា ដោយប្រើប្រាស់ធនធាន និងសមត្ថភាពទាំងអស់របស់យើង ដើម្បីការពារប្រជាជនកម្ពុជា។ហើយយើងមិនអាចទទួលជោគជ័យដោយធ្វើការតែម្នាក់ឯងបានឡើយ បុន្តែរួមគ្នាយើងនឹងអាចទទួលបានជោគជ័យ»៕ អត្ថបទ៖ សិរីការ