គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតសិក្សាចប់អស់ហើយ តែកំពុងស្វែងរកទុនជាង៤ពាន់លានដុល្លារ ដើម្បីសាងសង់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ចម្ងាយ ៣៨២គីឡូម៉ែត្រ ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ ដើម្បីដំណើរការសាងសង់។ នេះបើតាមការឱ្យដឹងពី លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងបានសិក្សាចប់សព្វគ្រប់ហើយ ដើម្បីកែផ្លូវដែកធម្មតា ទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីថៃទៅឡាវ និងភ្ជាប់ទៅប្រទេសចិន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានលឿន និងភ្ញៀវទេសចរ។

ដោយលោកបានបញ្ជាក់ថា៖«បច្ចុប្បន្ននេះគម្រោងផ្លូវដែកនេះបានសិក្សាចប់សព្វគ្រប់ហើយ គម្រោងនេះ ក៏ទទួលបានការគាំទ្រពីប្រធានាធិបតីចិន លោក ស៊ី ជិនពីងផងដែរ ហើយសំរាប់គម្រោងនេះ ភាគីចិនបានផ្តល់ថវិកាប្រមាណ ៤៥លានដុល្លារអាមេរិកមកកម្ពុជាដើម្បីយកមកដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវនេះថែមទៀត»។

ជាមួយគ្នានេះ បើតាមលោកទេសរដ្ឋមន្រ្តី ផ្លូវដែកល្បឿនលឿននេះ អាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ស្មើនឹងល្បឿនផ្លូវដែកនៅឡាវ ស្របពេលដែលទទឹងផ្លូវនឹងត្រូវពង្រីកពីមួយម៉ែត្រ ទៅដល់ ១.៤៣ម៉ែត្រ។

គួរបញ្ជាក់ដែរថា តាមរយៈការសិក្សាបឋមបានបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿននេះ មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ ម៉ែត្រ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕

អត្ថបទ៖ ពិសី