ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Ford បានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេមានគម្រោងកាត់បន្ថយបុគ្គលិករហូតដល់ ៣ ៨០០ កន្លែងនៅតំបន់អឺរ៉ុប ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ និងងាកមកផ្ដោតលើការផលិតរថយន្តអគ្គិសនីវិញ។
បើតាមការចុះផ្សាយពី CNBC បានបង្ហាញថា ក្រុមហ៊ុនមានបំណងចង់កាត់បន្ថយបុគ្គលិកលើផ្នែកការអភិវឌ្ឍផលិតកម្ម និងការគ្រប់គ្រងនៅប្រទេសអាល្លឺម៉ង់ ២ ៣០០ នាក់ នៅអង់គ្លេស ១ ៣០០ នាក់ និងនៅតំបន់អឺរ៉ុបផ្សេងៗ ២០០ នាក់។
បន្ថែមពីនោះ ក្រុមហ៊ុននឹងរក្សាទុកនូវឱកាសការងារវិស្វករឲ្យនៅទំនេរប្រមាណ ៣ ៤០០ កន្លែងទូទាំងអឺរ៉ុប ដែលផ្ដោតសំខាន់លើការអភិវឌ្ឍ និងការរចនាម៉ូដរថយន្ត ខណៈពួកគេបង្ហើបថា បច្ចុប្បន្នបុគ្គលិក Ford នៅអឺរ៉ុបមានសរុបប្រមាណ ៣៤ ០០០ នាក់។
បើទោះជាពួកគេមានបំណងចង់កាត់បន្ថយបុគ្គលិកជាង ១០% នៅអឺរ៉ុបក្ដី ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ផែនការផលិតរថយន្តអគ្គិសនីទាំងអស់នៅឆ្នាំ ២០៣៥ របស់ Ford នោះឡើយ ដ្បិតរថយន្តអគ្គិសនីតំបូងបំផុតរបស់ក្រុមហ៊ុន ដែលផលិតនៅអឺរ៉ុបនឹងលេចរូបរាងនាឆ្នាំនេះ៕