ប្រធានធនាគារពិភពលោក ប្រកាសចុះចេញពីតំណែងមុនអាណត្តិក្នុងឆ្នាំនេះ

អន្តរជាតិ

លោក David Malpass ប្រធានធនាគារពិភពលោកបានប្រកាសថា នឹងចុះចេញពីតំណែង​មួយនេះ​មួយ​ឆ្នាំ​មុន​អាណត្តិ​របស់​លោក​ត្រូវ​បញ្ចប់។ នេះបើតាម​ការចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Malpass នឹងចុះចេញពី​មុខតំណែង​នៅថ្ងៃទី ៣០ មិថុនា​ដែលជា​ចុងបញ្ចប់នៃឆ្នាំសារពើពន្ធរបស់ធនាគារពិភពលោក បន្ទាប់ពីកាន់តំណែងជាប្រធានធនាគារពិភពលោក​អស់​រយៈពេលច្រើនជាង ៤​ឆ្នាំ។

លោក Malpass បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “វាគឺជាកិត្តិយស និងឯកសិទ្ធិដ៏ធំសម្បើម ក្នុងការបម្រើការជាប្រធាននៃស្ថាប័នអភិវឌ្ឍន៍ឈានមុខគេរបស់ពិភពលោក”។

សូមជម្រាបដែរថា ធនាគារពិភពលោក គឺជាបណ្ដុំនៃប្រទេស ១៨៧ ដែលផ្ដល់ប្រាក់កម្ចី​ដល់​ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកាត់បន្ថយ​ភាពក្រីក្រ ហើយក្នុងនាម​សហរដ្ឋអាមេរិក​ជា​ម្ចាស់ភាគហ៊ុន​ធំ​បំផុត ពួកគេមានសិទ្ធ​ក្នុងការ​ជ្រើសតាំង​បុគ្គលណាម្នាក់​ជាប្រធាន​នៃ​ស្ថាប័ន​មួយនេះ។

តួយ៉ាង កាលពីឆ្នាំ ២០១៩ អតីត​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​តែងតាំង David Malpass ជាប្រធាន​ធនាគារពិភពលោក រយៈពេល ៥ ឆ្នាំ ប៉ុន្តែ​ក្នុងអាណត្តិ​របស់​លោក​មានបញ្ហាផ្ទួនៗ​។

ក្នុងអំឡុងពេលកាន់តំណែងរបស់ Malpass អង្គការបានឆ្លើយតបទៅនឹងវិបត្តិជាច្រើន រួមទាំងជំងឺរាតត្បាតសកល និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយធនាគារពិភពលោកបាននិយាយថា Malpass បានអនុវត្តការកើនឡើងនូវកំណត់ត្រាហិរញ្ញវត្ថុក្នុងការឆ្លើយតបទៅនឹងវិបត្តិទាំងពីរ។

បន្ថែមពីនោះ លោកក៏បានផ្តោតលើគោលនយោបាយដើម្បីបង្កើនកំណើនសេដ្ឋកិច្ច កាត់បន្ថយបន្ទុកបំណុលរបស់រដ្ឋាភិបាល និងជួយកាត់បន្ថយភាពក្រីក្រ ប៉ុន្តែ​អាណត្តិ​របស់​គាត់​មាន​ភាពចម្រូងចម្រាស។

កាលពីខែកញ្ញាកន្លងទៅ Malpass ទទួលបាន​ការរិះគន់​យ៉ាងខ្លាំងពី​សកម្មជនអាកាសធាតុ បន្ទាប់ពី​លោក​បដិសេធ​មិនព្រម​បញ្ជាក់ពី​មតិ​ផ្ទាល់ខ្លួន ជុំវិញ​អំណះអំណាង​អ្នកវិទ្យាសាស្ត្រ​ថា ការដុតប្រេងហ្វូស៊ីល គឺ​ជះឥទ្ធិពល​គ្រោះថ្នាក់​ដល់​ពិភពលោក។​

ហើយបន្ទាប់ពី​ទទួលបាន​ការរិះគន់យ៉ាងសំបើម អ្នកប្រឆាំងជាច្រើនបាន​ចេញមុខ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ប្រធានធនាគារពិភពលោក​ លាលែងពីតំណែងរបស់ខ្លួន។

ជុំវិញការលាលែងតំណែងនេះផងដែរ មិនមានហេតុផលបញ្ជាក់ច្បាស់លាស់ឡើយ ប៉ុន្តែលោក Malpass បានបញ្ជាក់ថា លោកសម្រេចជ្រើសយកការប្រកួតប្រជែងថ្មី ហើយពេលវេលានេះគឺសក្ដិសមបំផុតសម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំដោយរលូននៅ Bank Group៕