តម្លៃផ្ទះថ្មី នៅក្នុងប្រទេសចិន កើនឡើងជាលើកដំបូង នៅក្នុងខែមករា

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា តម្លៃផ្ទះថ្មី នៅក្នុងប្រទេសចិន បានកើនឡើងជាលើកដំបូង នៅក្នុងខែមករា សម្រាប់រយ:ពេលមួយឆ្នាំចុងក្រោយ ដោយសារតែការបិទបញ្ចប់ច្បាប់រឹតបន្តឹងកូវីដ-១៩ រួមទាំងគោលនយោបាយអចនលទ្រព្យថ្មី ដែលមានប្រសិទ្ធិភាព ក៏ដូចជាវិធានការជំរុញតម្រូវការ នៅក្នុងទីផ្សារនេះ ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃផ្ទះថ្មី នៅក្នុងខែមករា បានកើនឡើង ០,១% ពីមួយខែទៅមួយខែ បើធៀបទៅនឹងការធ្លាក់ចុះ ០,២% នៅក្នុងខែធ្នូ។ នេះបើតាមការគណនារបស់ Reuters ដោយផ្អែកទៅលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ដែលបានចេញផ្សាយនៅថ្ងៃនេះ ។

គួរឱ្យដឹងថា ទីក្រុងសំខាន់ៗជាច្រើន ក្នុងចំណោមទីក្រុងទាំង ៧០ ដែលត្រូវបានស្ទង់មតិដោយ NBS បានបង្ហាញពីការកើនឡើងនៃតម្លៃផ្ទះថ្មី កាលពីខែមុន ជាមួយនឹងតម្លៃកើនឡើង នៅក្នុងទីក្រុងចំនួន ៣៦ ពីទីក្រុងចំនួន ១៥ កាលពីខែធ្នូ ។

យ៉ាងណាមិញ អ្នកវិភាគបានមើលឃើញថាការកើនឡើងតម្លៃផ្ទះនេះ អាចជាសញ្ញាវិជ្ជាមានមួយ ប៉ុន្តែពួកគេក៏នៅតែជឿជាក់ថា រដ្ឋាភិបាលត្រូវតែមានគោលនយោបាយជំរុញបន្ថែមទៀត ទៅលើវិស័យអចលនទ្រព្យ ដើម្បីលើកកម្ពស់តម្រូវការ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងបន្តជំរុញឱ្យមានការងើបឡើងរយ:ពេលវែងទៅមុខទៀត ។

មិនតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងទុកថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យចិន កាន់តែមានភាពរស់រវើក ជាពិសេសនៅពេលកិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលនឹងត្រូវចាប់ផ្តើមធ្វើឡើង នៅដើមខែមីនាខាងមុខ៕