អ្នកឧកញ៉ា លី ហួរ មានគោលការណ៍គ្រឹះពិសេសមួយ ដើម្បីពង្រីកមុខជំនួញដល់ ៨ក្រុមហ៊ុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​​​​មាន​គោលការណ៍​គ្រឹះ​ពិសេស​មួយ​ប្រចាំ​ខ្លួន​ឯង ​គឺ​​តែង​ប្រកាន់​ខ្ជាប់​នូវ​​ «មហិច្ឆតា​កាំជណ្តើរ» ​ទើប​រយៈពេល​ជាង​ ៤០​ឆ្នាំ​មក​នេះ​ លោក​អាច​មាន​​ក្រុមហ៊ុន​ចំនួន ៨ នៅ​ក្នុងដៃ មកទល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងបទសម្ភាសន៍មួយ អំពីជីវប្រវត្តិរបស់​លោក ​កាលពី​ពេល​ថ្មីៗ​នេះ​ អ្នកឧកញ៉ា លី ហួរ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​មាន​គោលការណ៍​គ្រឹះ​របស់​ខ្លួន​មួយ​ គឺ​ថា​​​មាន​មហិច្ឆតា​ជា​កាំជណ្តើរ មានន័យ​ថា​ ពេល​ឡើង​ជាន់​បាន​មួយ​កាំហើយ ត្រូវ​ឈរ​ឱ្យ​នឹង​សិន ​​ហើយ​បាន​លោក​ឈាន​ឡើង​មួយ​កាំ​ទៅ​ទៀត។ អ្នក​ឧកញ៉ា​ បាន​បន្ត​ថា មហិច្ឆតា​របស់​លោក គឺ​គេ​ធ្វើ​បាន យើង​ក៏​ធ្វើ​បាន​​ដូច​គ្នា ឱ្យ​តែ​យើង​ប្តេជ្ញា​ចិត្ត​ថា​ធ្វើ​បាន យើង​នឹង​អាច​ធ្វើ​បាន​ដូច​គ្នា។ យើង​អាច​មើល​ឃើញ​ពិភពលោក​នេះ ​នារី​ក៏​អាច​ធ្វើ​ជា​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី​បាន ដូច្នេះ​យើង​កុំ​គិត​ថា​ យើង​ធ្វើ​អ្វី​​មួយ​មិន​បាន ​កាល​ណា​យើង​គិត​ថា​ខ្លួន​ឯង​ធ្វើ​មិនបាន​ នោះ​ប្រាកដ​ណាស់​គឺ​ធ្វើ​​មិនបាន​​​​ទេ ​​ហើយ​កាល​ណា​យើង​គិត​ថា យើង​ធ្វើ​បាន នោះ​យើង​នឹង​ខិតខំ។ ទោះបី​ឆ្នាំ​នេះ ធ្វើ​មិន​បាន ឆ្នាំ​ក្រោយ​យើង​ខិត​ខំ​ទៀត បើ​ឆ្នាំ​ក្រោយ​ធ្វើ​មិន​បាន យើង​នៅ​តែ​ស៊ូ​ជម្នះ​ថា​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន។

អ្នកឧកញ៉ា បាន​បន្ថែម​ថា លោក​មាន​មហិច្ឆតា​កាំជណ្តើរ​បែបនេះ គឺ​មានន័យថា​ មិន​ស្កប់ស្កល់ ឬ​គិត​ថា​មាន​អ្វី​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ​បាន​អ្នកឧកញ៉ា​តែងតែ​ផ្លាស់ប្តូរ​មុខរបរ​ជា​ញឹកញាប់ មុន​ការ​បង្កើត​បាន​ជា​ក្រុមហ៊ុន។ អ្នកឧកញ៉ា បាន​​លើក​ជា​ឧទាហរណ៍​ថា បើ​លក់​ខោអាវ​កូនក្មេង មើល​ទៅ​សន្ទុះ​មិន​ទៅ​ណា​ទេ យើង​ត្រូវ​ដូរ​ទៅ​លក់​ក្រណាត់​វិញ​ម្តង ​ហើយ​នឹង​ផ្លាស់ប្តូរ​បន្ត​ទៀត។

ទោះ​យ៉ាងណា អ្នកឧកញ៉ា លី ហួរ នៅ​ពេល​ផ្លាស់ប្តូរ​មុខ​របរ​​​ថ្មី​ម្តងៗ​​ លោក​មិន​​ប្រលែង​ទាំង​ស្រុង​តែ​ម្តង​នោះ​ទេ។ ​អ្នកឧកញ៉ា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “គំនិត​ខ្ញុំ​គិត​ខុស​គេ ខ្ញុំ​មិន​ប្រលែង​ឱ្យដាច់​តែ​ម្តង​នោះ​ទេ ព្រោះ​ខ្លាច​ផុង​ជើង។ មុន​នឹង​ឈប់​លក់​ខោអាវ​កូនក្មេង ទាល់តែ​យើង​មក​លក់​ក្រណាត់​​នឹង​មាន​ចំណូល​គ្រាន់​បើ​ជាង​មុន ប៉ុន្តែ​បើ​យើង​លក់​ក្រណាត់​មិន​ជោគជ័យ​ទេ យើង​ត្រឡប់​មក​ក្រោយ​​លក់​ខោអាវ​កូនក្មេង​វិញ ដើម្បី​ឈរ​ឱ្យ​នឹង​វិញ​សិន។ ដូច្នេះ​យើង​មិន​អាច​នៅ​មួយ​កន្លែង​ទេ ដូច​ជា​រូប​ខ្ញុំ​បាន​​ផ្លាស់ប្តូរ​​រហូត​ដល់​ការ​ប្តូរ​ប្រាក់ និង​លក់​មាស នៅ​ឆ្នាំ១៩៨៦”។

​សូមជម្រាបជូនថា បច្ចុប្បន្ន ​​អ្នកឧកញ៉ា លី ហួរ ជាមហាសេដ្ឋីមួយរូប​នៅកម្ពុជា ​​​​ដែល​​កាន់​កាប់​​សម្ព័ន្ធ​ក្រុមហ៊ុន លី ហួរ គ្រុប ក្នុង​នោះ​មាន​ក្រុមហ៊ុនធំៗ​ចំនួន​៨ ​រួម​មាន​ ​ក្រុមហ៊ុន លី ហួរ អ៉ិចឆេង, ក្រុមហ៊ុនសេវាបញ្ចាំ លីហួរ ផនសប, បុរីវិមានភ្នំពេញ ទាំង ១០គម្រោង​នៅក្នុងរាជធានីភ្នំពេញ, លី ហួរ លីស៊ីស ក្រុមហ៊ុនជួល លក់ និងផ្តល់ឥណទានសម្រាប់​ទិញ​រថយន្ត, ក្រុមហ៊ុនសេវាកម្មវេលុយទូទាំងប្រទេស លី ហួរ ផេប្រ៉ូ(លីហួរវេលុយ), ក្រុមហ៊ុនធនារ៉ាប់រង លី ហួរ, ក្រុមហ៊ុនវិនិយោគចម្រុះក្នុងផ្នែកកសិ-ឧស្សាហកម្ម ទេពី​អាហ្គ្រូ​ ដូចជា ដំណាំកៅស៊ូ និងគ្រាប់ស្វាយចន្ទី​ និងធនាគារ SBI លី ហួរ៕