ឯកអគ្គរដ្ឋទូតកូរ៉េថ្មី ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Park Jung-Wook ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាថា ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។នេះបើតាមជំនួបសម្តែងការគួរសមជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បញ្ជាក់ទៀតថា លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់លោកនៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មនិងសេដ្ឋកិច្ច សុខាភិបាល ការផ្គត់ផ្គង់កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ យោធា ការអភិវឌ្ឍធនធានមនុស្ស យុត្តិធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

នៅចុងបញ្ចប់នៃជំនួប ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Park Jung-Wook បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលជាផលប្រយោជន៍រួម នៅក្នុងវេទិកាពហុភាគី៕