រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថាដល់ឆ្នំា២០៣០ក្រសួងនឹងមានសមត្ថភាពគ្រាប់គ្រាន់ក្នុងការចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្តេចតេជោ ហ៊ុនសែន ផ្តល់សេចក្តីទុកចិត្តជិត១០ឆ្នំាទទួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក អូនព័ន្ធមុនីរ័ត្ន ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយ«ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នំា២០៣០»នៅថ្ងៃទី១៥កុម្ភៈនេះបានឱ្យដឹងថា ក្នុងរយៈពេលជិត១០ឆ្នាំដែលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានផ្តល់សេចក្តីទុកចិត្តឱ្យរូបខ្ញុំទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ខ្ញុំបានខិតខំអស់ពីកំលាំងកាយចិត្ត ប្រាជ្ញានិងស្មារតីក្នុងការរក្សាភាពសុខដុមសម្រាប់ស្ថាប័នដ៏មានសារសំខាន់មួយនេះរបស់យើង ក៏ដូចជាការធានាដល់កិច្ចដំណើរការដោយរលូនប្រកបដោយប្រសិទ្ធភាពស្របតាមបេសកម្មមុខងារដែលច្បាប់និងរាជរដ្ឋាភិបាលបានកំណត់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីរាជាគ្រប់លំដាប់ថ្នាក់។
លោកឧបនាយករដ្ឋមន្ត្រី បន្តថា ខណៈដែលរាជរេដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនៅចក្ខុវិស័យរយៈពេលវែង ការបន្តកសាងនិងពង្រឹងសមត្ថភាពក៏ដូចជាការពង្រឹងអភិបាលកិច្ចល្អរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់និងរឹតតែចំាបាច់ថែមទៀតដើម្បីធានាដល់ការអនុវត្តន៍នៅមុខងារ ភារៈកិច្ចរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកជំរុញកិច្ចដំណើរអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរឹងមាំប្រកបដោយភាពធន់។ ក្នុងស្មារតីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគិតគូ រៀបចំជាលើកដំបូងនូវឯកសារជាយុទ្ធសាស្ត្ររយៈពេលវែងនេះឡើងគឺចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នំា២០៣០សម្រាប់ជាកម្មវត្ថុផ្សព្វផ្សាយជាផ្លូវការថ្ងៃនេះដែលយើងទំាងអស់គ្នាចាត់ទុកជាថ្ងៃដ៏មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា «នៅក្នុងឯកសារចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០ យើងបានដាក់ចេញនៅឃ្លានៃចក្ខុវិស័យប្រកបដោយមហិច្ឆិតានិងភាពប្រាកដនិយម។នៅឆ្នំា២០៣០ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាស្ថាប័ននៃឧត្តម្ភភាព ប្រកបដោយសមត្ថភាពនិងគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីបំពេញបេសកម្មស្នូលនិងពាក់ព័ន្ធក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ស្ថាប័នឧត្តមភាពដែលបានលើកឡើងនៅទីនេះមានន័យថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងក្លាយជាស្ថាប័នដែលពេញទៅដោយសមត្ថភាពនិងគុណវុឌ្ឍិគ្រប់គ្រាន់ប្រកបដោយលក្ខណៈសម្បត្តិ៣យ៉ាងរួមមាន៖១)-សមត្ថភាពនិងជំនាញវិជ្ជាជីវៈខ្ពស់,២)-ភាបសកម្មនិងបុរេសកម្មនិង៣)-ភាពស្អាតស្អំនិងសុច្ចរិតភាព។ ស្ថាប័នឧត្តមភាពនេះនិងបំពេញបេសកម្មដែលច្បាប់កំណត់និងរាជរដ្ឋាភិបាលប្រគល់ជូនប្រកបដោយប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់ ដែលបេសកម្មទំាងនោះមាន៖១)-កសាងមូលដ្ឋានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ,២)-កសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បតិ្តរដ្ឋ,៣)-ដឹកនាំសម្របសម្រួលប្រព័ន្ធកសាងប្រព័ន្ធគំាំទ្រសង្គមនិង៤)-ចូលរួមដឹកនាំ និងសម្របសម្រួលបរិវត្តកម្មឌីជីថល ការសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល»។
លោកឧបនាយករដ្ឋមន្ត្រីលើកឡើងថា ការសម្រេចចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវការនិងការគាំទ្រដោយកក្តាជាច្រើនហើយការរៀបចំជាក្របខណ្ឌយុទ្ធសាស្ត្រដែលកំណត់ឱ្យមានយន្តនៃការអនុវត្តនិងទទួលខុសត្រូវច្បាស់លាស់គឺជាការចាំបាច់ដែលមិនអាចខ្វះបាន។
គោលបំណងចំនួន២ត្រូវបានកំណត់ក្នុងឯកសារចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់យើងនេះរួមមាន៖១)-កសាងសមត្ថភាពនិងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាពនិង២)-បង្កើនប្រសិទ្ធភាពនៃការអនុវត្តមុខងារនិងភារកិច្ច។សម្រាប់ការកសាងសមត្ថភាពស្ថាប័នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពង្រឹងសមត្ថភាពស្ថាប័នទំាងសមត្ថភាពជំនាញនៃវិជ្ជាជីវៈជំរុញស្មារតីសកម្មនិងបុរេសកម្មនិងធានានូវភាពស្អាតស្អំនិងសុច្ចៈរិតភាព។សម្រាប់ការបង្កើនប្រសិទ្ធភាពភារកិច្ចនិងមុខងាររបស់ខ្លួនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពង្រឹងសមត្ថភាពស្ថាប័នទំាងសមត្ថភាពជំនាញនិងវិជ្ជាជីវៈ ជំរុញស្មារតីសកម្មនិងបុរេសកម្មនិងធានានៅភាពស្អាតស្អំនិងសុច្ចរិតភាព៕ អត្ថបទ៖សារេត