កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Twitter Inc បានបិទការិយាល័យរបស់ខ្លួន ២ ក្នុងចំណោមការិយាល័យតែ ៣ នៅប្រទេសឥណ្ឌា ខណៈការិយាល័យទាំង ២ នោះមានទីតាំងនៅទីក្រុង New Delhi និង Mumbai ប៉ុន្តែរក្សាទុកការិយាល័យនៅទីក្រុង Bengaluru។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការបិទការិយាល័យនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ក្រុមហ៊ុនថ្មី Elon Musk បញ្ឈប់បុគ្គលិកនៅឥណ្ឌាច្រើនជាង ៩០% បើទោះជាបុគ្គលិក Twitter នៅឥណ្ឌាមានចំនួនតែជាង ២០០ នាក់ក្ដី។
មិនមែនកាត់បន្ថយតែបុគ្គលិកនៅឥណ្ឌាឡើយ Twitter បានបញ្ជាឲ្យការិយាល័យផ្សេងទៀតដូចជានៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់ និងនៅប្រទេសសិង្ហបុរីជាដើម ត្រូវតែកាត់បន្ថយបុគ្គលិករបស់ខ្លួនជាបន្ទាន់ ខណៈកាលពីដើមខែវិច្ឆិកាឆ្នាំទៅ Twitter បានបញ្ឈប់បុគ្គលិកច្រើនជាង ៣ ៧០០ នាក់។
គួររំលឹកដែរថា តាំងពី Elon Musk ក្លាយជាម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ថ្មី ពួកគេជួបបញ្ហាឥតឈប់ឈរ និងបានបញ្ឈប់បុគ្គលិកអស់ជាច្រើនពាន់នាក់ ដ្បិតមហាសេដ្ឋីអាមេរិកអះអាងថា មានតែធ្វើបែបនេះ ទើបអាចសង្គ្រោះ Twitter ពីការប្រឈមនឹងការក្ស័យធន ដោយសារបំណុល៕