កម្ពុជា -ថៃ នឹងរួមគ្នាពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ថៃ បានមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត។ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានប្តែជ្ញា នឹងរួមគ្នាពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យបាន១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមលទ្ធផលក្រោយមជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែនអន្តរជាតិផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ ពាន់លាន ដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ។

ជាងនេះទៀត តាមរយៈជំនួបនោះដែរ ភាគីទាំងពីរបានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំឯកសារ ស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ ពោលគឺឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ផងដែរ៕