ថ្មីៗនេះ បើតាមឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ាឡេស៊ី លោក Ouyang Yujing បានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសម៉ាឡេស៊ី និងចិន បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ២០៣,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២។
ដោយថ្លែងក្នុងអំឡុងពិធីប្រគល់អាហារូបករណ៍របស់អគ្គរដ្ឋទូចចិន នៅសកលវិទ្យាល័យ Tunku Abdul Rahman នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១៧ ខែកុម្ភ:កន្លងទៅ លោក Ouyang បាននិយាយថា ប្រទេសទាំងពីរ តែងតែបង្ហាញពីភាពជិតស្និទ្ធ និងមានការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់ នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ។
គួរឱ្យដឹងថា ប្រទេសទាំងពីរបានសហការគ្នា ក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប្រកបទៅដោយគុណភាពខ្ពស់ ដោយមានកិច្ចសហប្រតិបត្តិការទៅលើគម្រោងធំៗជាច្រើន រួមទាំងផ្លូវរថភ្លើងល្បឿនលឿន East Coast Rail Link ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ កាលពីឆ្នាំមុន។
លើសពីនេះ លោក Ouyang បានសង្កត់ធ្ងន់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ី អស់រយ:ពេល ១៤ ឆ្នាំជាប់ៗគ្នាមកហើយ ខណ:លោកបានបន្ថែមទៀតថា ភាគីប្រទេសទាំងពីរ ក៏ជាដៃគូដ៏ល្អបំផុត ដែលទទួលបានផលប្រយោជន៍ធំ ពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផងដែរ ។
ជាងនេះទៅទៀត អគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី គឺជាទំនាក់ទំងល្អបំផុត ក្នុងចំណោមប្រទេសសមាជិកអាស៊ានផ្សេងទៀត ជាមួយនឹងប្រទេសចិន ៕