ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអគ្គនាយកបុរី វិមានសំណាង បានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា លោកគ្រោងនឹងនាំចូលក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាធំមួយទៀតពីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឧកញ៉ាបណ្ឌិត បានលើកឡើង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ យ៉ាងដូច្នេះថា៖ ១)គីម ហ៊ាង បាននាំចូលក្រុមហ៊ុនធំ ផ្នែកអចលនទ្រព្យ ពីអាមេរិក មកកម្ពុជា ដោយបានខាតលុយច្រើនក្នុង ៥ឆ្នាំដំបូង និងបន្តខាតលុយនៅ ៥ឆ្នាំទៀត សម្រាប់កុងត្រាអាជីវកម្ម ៤០ឆ្នាំ, ២) គីម ហ៊ាង នឹងចូលនាំក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាធំមួយទៀតពីអាមេរិក ចូលមកកម្ពុជា ក្នុងពេលឆាប់ៗនេះ, ៣)អ្នកមានកម្ពុជា ដែលចង់ចូលហ៊ុនជាមួយ គីម ហ៊ាង ក្នុងការរកស៊ីជាមួយក្រុមហ៊ុនធំៗ របស់អាមេរិក អាចជួប ដើម្បីពិភាក្សាគ្នាដោយផ្ទាល់ជាមួយ គីម ហ៊ាង បានគ្រប់ពេល។
គួរបញ្ជាក់ថា ពេលនេះលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង កំពុងនៅសហរដ្ឋអាមេរិក ខណៈដែលលោកកំពុងដឹកនាំប្រធានសាខា KW ទាំង៥ និងសមាជិក សរុបចំនួន ១៧រូប ចាកចេញពីកម្ពុជា កាលពីអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសមាជិកចូលរួមសរុបប្រមាណជាង ២ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក៕