KW នឹងយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក តម្លៃរាប់ពាន់លានដុល្លារ មកបណ្តុះបណ្តាលដល់ភ្នាក់ងារអចលនទ្រព្យកម្ពុជា

ជុំវិញ​ឧកញ៉ា

KW Cambodia ​​នឹង​នាំ​យក​បច្ចេកវិទ្យាវិស័យ​អចលនទ្រព្យ​ដ៏ទាន់សម័យជាងគេ ធំជាងគេ ដែលប្រើទុន​ដល់រាប់​ពាន់​លាន​ដុល្លារ ​​មក​ចែក​រំលែក​បណ្តុះបណ្តាល​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​កម្ពុជា ដើម្បី​ជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​​ថ្លែង​ឱ្យ​ដឹង​​ពី​លោក​ឧកញ៉ា សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជាប្រធាន KW សាខាសែនសុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា សំ សុខនឿន បាន​ថ្លែង​ប្រាប់​ដល់​ឧកញ៉ា ញូស៍ ខណៈ​ដែល​លោក​កំពុង​​មាន​វត្តមាន​នៅ​សហរដ្ឋមេរិក ក្នុង​ការ​​ចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ នេះ យ៉ាង​ដូច្នេះ​ថា KW ជាក្រុមហ៊ុនអចលនទ្រព្យ​លំដាប់​លេខ​១ ​របស់​អាមេរិក ​​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។

លោក​ឧកញ៉ា បាន​បន្ត​ថា លើស​ពី​នេះ KW ​ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាវិស័យ​អចលនទ្រព្យ​ដ៏ទាន់សម័យ​ជាងគេ ធំជាងគេ ដែលប្រើលុយដល់ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​​លើ​វិស័យ​អចលនទ្រព្យ។ ការ​ពង្រីក​សក្តានុពល​របស់​ក្រុមហ៊ុន KW នេះ ​​គឺ​លក្ខណៈ​សកលលោក​ដែល​បច្ចុប្បន្ន​នេះ​បាន​បើក​ដល់ ៥២​ប្រទេស​ទៅ​ហើយ ​ក្នុង​ ៥​ទ្វីប ដូច្នេះ​ក្នុង​នាម​យើង​ជា​ KW Cambodia ពិត​ជា​មាន​មោទនភាព​ណាស់ ក៏​ដូច​ជា​ក្នុង​នាម​​​លោក​​ជា​ប្រធាន KW SN ខណ្ឌ​សែនសុខ ហើយ​​បាន​ចូល​រួម​ក្នុង​សន្និបាត Convention នៅ​រដ្ឋ California សហរដ្ឋអាមេរិក ដែល​​នឹង​មាន​ការ​ពិភាក្សា​ និង​ចែក​រំលែក​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ដើម្បី​ទទួល​បាន​បទពិសោធន៍​ផ្សេងៗ​ពី​ប្រទេស​នីមួយៗ។

លោក​ឧកញ៉ា​​សង្កេត​ឃើញ​ថា ការ​ចូល​រួម​ក្នុង​សន្និបាត​នេះ គឺជា​ការ​ចូល​រួម​មួយ​ដ៏​ធំ ដែល​មាន​អ្នកចូល​រួម​ប្រហែល ១ម៉ឺន​៤​ពាន់​នាក់។ ការ​ចូល​រួម​នេះ​ មាន​ចម្រុះ​ជាតិ​សាសន៍​តែ​ម្តង ហើយ​អ្វី​ដែល​​ដឹង​នោះ ៥២​ប្រទេស​​ក៏​បាន​ដឹង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ដែរ។ KW ជា​ក្រុមហ៊ុន​លំដាប់​ មិន​ត្រឹម​តែ​លេខ​១ នៅ​សហរដ្ឋអាមេរិក​ទេ ថែម​ទាំង​នៅ​លើ​សកលលោក ដូច្នេះ​អ្នក​ដែល​មាន​ចំណេះ​ជំនាញ​វិស័យ​អចលនទ្រព្យ​ គឺ​បាន​ស្គាល់​ប្រទេសកម្ពុជា ​​ថា​ជា​ប្រទេស​មួយ​កំពុង​មាន​ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​ផង​ដែរ ​បាន​ជា​ KW ទៅ​រកស៊ី​នៅ​ប្រទេស​កម្ពុជា។

ជា​សមិទ្ធផល ទីមួយ ​​៥២​ប្រទេស​​​បាន​ទទួល​ស្គាល់​ថា ប្រទេសកម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​វិស័យ​អចលនទ្រព្យ​បែប​ស្តង់ដា​អន្តរជាតិ ទីពីរ KW ទៅ​រកស៊ី​នៅ​កម្ពុជា គឺ​​មាន​ន័យ​ថា សហរដ្ឋអាមេរិក​​មាន​ការ​ទទួល​ស្គាល់​ហើយ​ថា កម្ពុជា​​ជា​ប្រទេស​មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ និង​​ប្រព័ន្ធ​​គ្រប់គ្រង​ដ៏​​ត្រឹម​ត្រូវ។

លោក​ឧកញ៉ា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា KW Cambodia​ នឹង​យក​ចំណេះ​ដឹង​ ដែល​​ទទួល​បាន​ពី​ ៥២​ប្រទេស ពី​ការ​ចែក​រំលែក​បទពិសោធន៍​ល្អៗ​នេះ ព្រម​ទាំង​ប្រព័ន្ធបច្ចេកវិទ្យា​ទំនើបៗ​ យក​ទៅ​ចែក​រំលែក​បន្ត​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​របស់​កម្ពុជា ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏​ដូចជា​ចែក​រំលែក​ដល់​អ្នកវិនិយោគ​គ្រប់ផ្នែក​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា និង​​អ្នក​កំពុង​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បីឱ្យ​ពួក​គាត់​បាន​ដឹង ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ដទៃ និង​ដើម្បី​ជា​ចំណេះ​ដឹង​បន្ថែម​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ទាំង​អស់​គ្នា។

ឧកញ៉ា សំ សុខនឿន ​​បាន​​ឱ្យ​ដឹង​បន្ថែម​ថា អ្វី​ដែល​​ទទួល​បាន​ក្នុង​សន្និបាត​នេះ គឺ​ទូទាំង​សកលលោក​បាន​ទទួល​ស្គាល់​ហើយ​ថា អ្វី​ដែល​​ដើរ​ទៅ​លឿន​នោះ​គឺ​បច្ចេកវិទ្យា ដូច្នេះ​ KW Cambodia ក៏​​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ដែល​មានដែរ​ មាន​ន័យ​ថា​ គ្រប់​ប្រទេស​ដែល​មាន​ KW នេះ ​គឺ​មាន​បច្ចេកវិទ្យាទំនើប​ដូច​ទៅ​នឹង​បច្ចេកវិទ្យា KW Cambodia ​​ដែល​យើង​កំពុង​តែ​ប្រើ។ ក្រុមហ៊ុន KW Cambodia ​​នឹង​មាន​បច្ចេកវិទ្យាទំនើប ប្រព័ន្ធ​គ្រប់គ្រង​វិស័យ​អចលនទ្រព្យ​ទំនើប​ចុង​ក្រោយ​បំផុត។ នេះ​ជា​មោទនភាព​របស់ KW Cambodia​​ ដែល​បាន​រៀនសូត្រ ទាំង​វិស័យ​អចលនទ្រព្យ​គ្រប់​បណ្តា​ប្រទេស ទាំង​បច្ចេកវិទ្យាប្រព័ន្ធ​គ្រប់គ្រង​លក្ខណៈ​អន្តរជាតិ ដែល​ក្រុមហ៊ុន KW បាន​ចំណាយ​ទុន​ដល់​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​នេះ​ឡើង៕