ស្ថានការណ៍កាន់តែតានតឹង ចំពេល ចូ បៃឌិនទៅប៉ូឡូញ ខណៈប្រមុខការទូតចិនទៅរុស្ស៊ី

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានភាពល្អក់កករ ដ្បិតមហាអំណាចលោកខាងលិចចោទចិនថា បង្ហោះបាឡុងចារកម្មចូលក្នុងដែនអាកាសរបស់ខ្លួន ហើយបញ្ហានេះក៏បានលើកមកជជែកគ្នានៅកិច្ចប្រជុំក្នុងទីក្រុង Munich នាពេលកន្លងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះទៀតសោត រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានព្រមានចិនថា កុំឲ្យផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីជាដាច់ខាត បើមិនចង់ឲ្យទំនាក់ទំនងរវាងអាមេរិក និងចិនកាន់តែធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនជាងនេះ។

យ៉ាងណា ស្ថានការណ៍ហាក់មិនមានភាពប្រសើរឡើងឡើយ ពោលប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ូឡូញនាថ្ងៃទី ២១ កុម្ភៈខាងមុខ ចំពេលប្រមុខការទូត និងទីប្រឹក្សារដ្ឋចិន Wang Yi ក៏ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីផង។

គួររំលឹកដែរថា រដ្ឋមន្ត្រីជាន់ខ្ពស់ចិននឹងធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ កុម្ភៈ ទៅកាន់ប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងរុស្ស៊ី ហើយសម្ព័ន្ធមិត្តអ៊ុយក្រែនបានបង្ហាញក្ដីបារម្ភ ចំពោះការធ្វើដំណើររបស់លោក Wang Yi ទៅកាន់រុស្ស៊ី ចំពេលរដ្ឋាភិបាលអាមេរិកទម្លាយថា ទទួលបានព័ត៌មានថាចិននឹងអាចផ្ដល់ជំនួយពិសេសដល់រុស្ស៊ី សម្រាប់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាម ដែលមួយផ្នែកធំគឺជាសព្វាវុធ។

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសប៉ូឡូញវិញ គឺដើម្បីធ្វើការប្ដេជ្ញាចិត្តជ្រោមជ្រែងអ៊ុយក្រែនបន្ត ប៉ុន្តែលោកនឹងមិនចូលដល់ប្រទេសអ៊ុយក្រែនឡើយ បើទោះជាធ្វើដំណើរទៅដល់ប្រទេសប៉ូឡូញ ដែលជាអ្នកជាប់របងជាមួយអ៊ុយក្រែនក្ដី។

សូមជម្រាបដែរថា ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងចូលដល់គម្រប់ខួបមួយឆ្នាំ ហើយស្ថានការណ៍នៃសង្គ្រាមនៅតែមានភាពស្រពិចស្រពិល ពោលរុស្ស៊ីមិនប្រាកដថានឹងបញ្ចប់វាឆាប់ៗ ខណៈអ៊ុយក្រែនប្រកាន់ជំហរមិនលើកទង់សជាដាច់ខាត ដោយអាងថាមានសម្ព័ន្ធមិត្តលោកខាងលិច និងអឺរ៉ុបចាំផ្ដល់ជំនួយពីក្រោយខ្នង៕