បន្ទាប់ពី Jack Ma វិនិយោគិនចិនមានមុខមាត់ម្នាក់ទៀត បាត់ខ្លួនគ្មានមូលហេតុ

អន្តរជាតិ

កាលពីឆ្នាំទៅ មហាសេដ្ឋីចិន Jack Ma បានបាត់ខ្លួនដោយគ្មានមូលហេតុ បន្ទាប់ពីរិះគន់រដ្ឋាភិបាលជុំវិញបញ្ហាគោលនយោបាយថ្មីរបស់ប្រធានាធិបតី ស៊ី ជិនពីង ដោយព្យាយាមបង្ក្រាបទៅលើពាណិជ្ជកម្មអេឡិចត្រូនិក និងអំពើពុករលួយក្នុងសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ដំណឹងទាក់ទងនឹងសហស្ថាបនិក Alibaba ត្រូវបានទម្លាយថ្មីៗថា ត្រូវបានប្រទះឃើញលោកនៅប្រទេសថៃកាលពីប៉ុន្មានខែមុន ហើយបច្ចុប្បន្នលោក​ និងក្រុមគ្រួសារកំពុងរស់នៅប្រទេសជប៉ុន។

ថ្វីបើរឿងរ៉ាវ Jack Ma ហាក់ស្ងប់ស្ងាត់ ប៉ុន្តែថ្មីៗនេះវិនិយោគិនមាន​មុខមាត់ម្នាក់នៅចិន Bao Fan ត្រូវបាន​គេរាយការណ៍ថា បានបាត់ខ្លួនដោយគ្មានមូលហេតុ និងមិនដឹងបាត់តាំងពីពេលណា ខណៈគេសង្ស័យថា ករណីនេះអាចជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពី IBT។

ដំណឹងនៃការបាត់ខ្លួនរបស់វិនិយោគិនម្នាក់នេះ បានធ្វើឲ្យទីផ្សារ Fintech ទូទាំងប្រទេសចិនកំពុងមានការជ្រួលច្របល់ ដ្បិតក្រុមហ៊ុន China Renaissance Holdings ដែលមានលោក Fan ជាប្រធាន គឺជាអ្នកផ្ដល់សេវាកម្ម និងជាវិនិយោគិនដ៏ធំបំផុតមួយប្រចាំប្រទេស។

យោងតាម​ការចុះផ្សាយពី Bloomberg បានឲ្យដឹងថា បន្ទាប់ពីដំណឹងបាត់ខ្លួនរបស់ Bao Fan បានចេញជាសាធារណៈ តម្លៃហ៊ុនរបស់ក្រុមហ៊ុនបាន​ធ្លាក់រហូតដល់ ២៨% ខណៈ CNN បង្ហើបថា វាមិនមែនជារឿងធម្មតាទេ ដែលបុគ្គលមានមុខមាត់សាធារណៈ បាត់ខ្លួនដោយគ្មានមូលហេតុ ហើយចំណុចដូចៗគ្នានៃអ្នកបាត់ខ្លួន គឺសុទ្ធតែពាក់ព័ន្ធនឹងរដ្ឋាភិបាល និងជាអ្នកជំនួញមានលុយវាល់លានដុល្លារ៕