រដ្ឋមន្រ្តីកសិកម្ម ស្វាគមន៍អង្គការ UN បង្កើតគម្រោងថ្មីដែលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានបង្ហាញការគាំទ្រ និងបានស្វាគមន៍ចំពោះការបង្កើតសកម្មភាពគម្រោងថ្មីៗ ក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងារជាមួយលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ក្រោយពីបានស្តាប់ការធ្វើបទបង្ហាញអំពីគម្រោងសកម្មភាពសហគមន៍សម្រាប់ព្រៃឈើប្រកបដោយនិរន្តរភាព “Community Action for Sustainable Forest – CASFor” លោក ឌិត ទីណា បានប្រកាសស្វាគមន៍ចំពោះការបង្កើតសកម្មភាពគម្រោងថ្មីៗ ក្នុងការចូលរួមអភិវឌ្ឍ ធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។ 

យ៉ាងណាមិញ លោកក៏បានស្នើឱ្យក្រុមការងារពិនិត្យសំណើគម្រោងនេះសារជាថ្មីម្តងទៀត ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ដើម្បីប្រយោជន៍ដល់គ្រប់ភាគី ទាំងភាគីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងជាពិសេសគឺប្រជាពលរដ្ឋ។ 

គួរបញ្ជាក់ដែរថា គោលបំណងនៃជំនួបខាងលើ គឺពិភាក្សាការងារស្តីពីការបង្កើតគម្រោងថ្មីមួយ “Community Action for Sustainable Forest – CASFor” ដោយមានការចូលរួមដឹកនាំ និងដៃគូសហការដូចជា FAO, UNDP, Swiss Agency for Development and Cooperation – SDC, RECOFTC, WCS និងការចូលរួមគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ៕