មានវាសនាខ្ពស់ក្លាយជាភរិយាសេដ្ឋីស្រុកខ្មែរដែលមានក្រុមហ៊ុនធំៗរាប់មិនអស់ លោកជំទាវ ម៉ៅ ចំណាន ក៏ជាឧត្តមភរិយា មួយរូបដែលទទួលការស្រឡាញ់ពេញចិត្ត ការគោរព ផ្តល់តម្លៃ ពីឧត្តមស្វាមី ដែលជាភ័ព្វសំណាងមួយដ៏ឧត្តុងឧត្តមស្ត្រីគ្រប់រូបតែងប្រាថ្នាក្នុងឆាកជីវិត។
ជាក់ស្តែង បើក្រឡេកមកមើលទំព័រហ្វេសប៊ុកផ្លូវការរបស់ អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានសរសេរប្រយោគយ៉ាងផ្អែមល្ហែម និងចាក់ដោតជូនចំពោះលោកជំទាវ ម៉ៅ ចំណាន ក្នុងឱកាសខួបកំណើតនេះ។
ដោយអ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ថា៖« មនុស្សខ្លះអានសៀវភៅ និងរឿងដើម្បីស្វែងរកអត្ថន័យនៃពាក្យ “សេចក្តីស្រឡាញ់”។ សម្រាប់បង អត្ថន័យនៃស្នេហា គឺការសម្លឹងមើលកែវភ្នែកដ៏ស្រទន់របស់អូន។ រីករាយថ្ងៃខួបកំណើតអូន ចំណាន ភរិយាសម្លាញ់របស់បង»។
អ្នកឧកញ៉ា គិត ម៉េង បានពោលប្រយោគបន្តថា៖« បងពុំចាំបាច់ឱ្យហ្វេសប៊ុក ឬកម្មវិធី Google ប្រតិទិន រំឭកបងពីថ្ងៃកំណើតរបស់អូនទេ។ ថ្ងៃដ៏ពិសេសនេះ ត្រូវបានសរសេរ និងស្ថិតក្នុងក្រអៅបេះដូងបង ដូចជាក្តីស្នេហ៍ដែលបងមានចំពោះអូននោះដែរ។ បងពិតជាមិនគួរឱ្យជឿជាមួយនឹងថ្ងៃខួបកំណើតកន្លងមក អូននៅតែឆោមយុង រក្សាបានភាពក្មេង ដូចថ្ងៃដែលយើងប្រតិព័ទ្ធគ្នាគ្រាដំបូង។ ស្របពេលដែលអូនធ្វើពិធីខួបកំណើតនេះ បងចង់ឱ្យអូនចងចាំជានិច្ចថាបងពិតជាទទួលបានពរជ័យដ៏ប្រពៃដែលមានអូនជាភរិយា»។
ជាងនេះទៀត អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីឈ្មោះរូបនេះ បានសរសេរបន្ថែមថា៖« អូនគឺជាភរិយា ជាម្តាយដ៏អស្ចារ្យរបស់កូនៗយើង ជាអ្នកដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយ ជាស្ត្រីដែលមានសប្បុរសធម៌ថ្លៃថ្លា និងជាម្ចាស់បេះដូងរបស់បង។ បងស្រទ្បាញ់អូនដូចថ្ងៃនៃការចាប់ផ្តើមក្តីស្នេហ៍ដំបូងរបស់យើង។ អូនមិនដែលបោះបង់ទាល់តែសោះនូវការខិតខំរបស់អូន ដើម្បីកូនៗយើង និងរូបបង»។
យ៉ាងណាមិញ អ្នកឧកញ៉ា គិត ម៉េង ក៏បានពោលប្រយោគជូនពរដល់លោកជំទាវ ម៉ៅ ចំណាន ឧត្តមភរិយាបណ្តូលចិត្តដូច្នេះថា៖« ក្នុងឱកាសខួបកំណើតរបស់អូន យើងទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ មហាប្រសើរជូនចំពោះអូន។ រីករាយថ្ងៃខួបកំណើតដល់នារីពិសេសដែលតែងតែស្នេហ៍បងជាស្វាមី និងស្រទ្បាញ់គ្រួសារយើងដោយគ្មានលក្ខខណ្ឌ។ ប្រយោគជូនពរតែប៉ុន្មានឃ្លារបស់បងចំពោះអូន គឺមិនអស់ពីទំហំចិត្តរបស់បងទេ។
ដូចឆ្នាំមុនដែរ បងសូមបួងសួងឱ្យអូនមានភាពសប្បាយរីករាយ និងគ្មានកង្វល់។ សូមឱ្យថ្ងៃខួបកំណើតរបស់អូន ពោរពេញទៅដោយភាពរីករាយដ៏ភ្ញាក់ផ្អើល។ សូមឱ្យអ្វីៗដែលអូនពេញចិត្តធ្វើ ផ្តល់កម្លាំងចិត្តឱ្យអូនជារៀងរាល់ថ្ងៃ»។
ជាចុងបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង ក៏បានសរសេរបង្ហាញអត្ថន័យដែរថា ជាមួយនឹងក្តីស្រទ្បាញ់ដ៏លើសលប់របស់បងចំពោះអូន បងសូមជូនពរឲ្យអូនប្រារព្ធពិធីខួបកំណើតរបស់អូន ពោរពេញដោយសោមនស្សផងដែរ៕ អត្ថបទ៖ ពិសី