គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជាឬហៅកាត់ថាNBC បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២៣។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា បាគង គឺជាប្រព័ន្ធទូទាត់សាច់ប្រាក់មួយរបស់ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នមានសមាជិកជាច្រើនបានភ្ជាប់តំណរសេវាកម្មជាមួយ ហើយប្រព័ន្ធនេះបានបន្តពង្រីកវិសាលភាពឥតឈប់ឈរ ជាមួយការទូទាត់សាច់ប្រាក់ផ្សេងៗ ជាពិសេសការទូទាត់ឆ្លងដែនជាដើម។
លោកជំទាវបណ្ឌិតបន្តថា ចំពោះតំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩ ប្រព័ន្ធនេះនឹងជំរុញឱ្យប្រជាជនកម្ពុជា ដោនឡូតយកកាបូបអេឡិចត្រូនិចមួយនេះ ប្រើប្រាស់កាន់តែច្រើន ដោយប្រព័ន្ធនេះមិនត្រឹមមានវិសាលភាពនៃការទូទាត់ប៉ុណ្ណោះទេ គឺអាចឱ្យប្រជាពលរដ្ឋមើលឃើញព័ត៌មានចាក់វ៉ាក់សាំងបានយ៉ាងងាយស្រួល។
លោកជំទាវបណ្ឌិតសង្កត់ធ្ងន់ថា« ដូច្នេះដើម្បីប្រើប្រាស់មុខងារថ្មីនេះ ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ត្រូវចុះឈ្មោះបំពេញអត្តសញ្ញាណឱ្យបានពេញលេញ ដើម្បីទទួលបានព័ត៌មាននៃការចាក់វ៉ាក់សាំងនេះ ទោះបីពុំបានយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មកតាមខ្លួនក៏ដោយ»។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ថា តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩ បានលេចរូបរាងឡើង និងបានដាក់ឱ្យសម្ភោធនៅក្នុងថ្ងៃនេះ គឺបានផ្តល់នូវសារៈសំខាន់ជាច្រើនដូចជា ការជំរុញឱ្យប្រើប្រាស់ប្រព័ន្ធបាគងនេះ គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធទូទាត់នៅកម្ពុជា ក្រៅពីនេះប្រជាពលរដ្ឋនិងអាចងាយស្រួលចូលមើលការចាក់វ៉ាក់សាំងរបស់ខ្លួន ដោយមិនចាំបាច់ទៅចូលមើលប្រព័ន្ធចាក់វ៉ាក់សំាងផ្សេងទៀតឡើយ ជាពិសេសការទទួលបានស្ថានភាពនៃការចាក់វ៉ាក់សាំង។
បើតាមធនាគារជាតិនៃកម្ពុជាថាជុំវិញការបង្កើតប្រព័ន្ធតំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វាក់សាំងកូវីដ-១៩ នេះ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គឺមានគោលបំណងដើម្បីពង្រីកវិសាលភាពនៃការទទួលបាននូវព័ត៌មានចាក់វាក់សាំងកូវីដ-១៩ របស់សាមីបុគ្គល តាមរយៈការប្រើប្រាស់ប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ជាមួយតំណភ្ជាប់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕
អត្ថបទ៖សារេត