មួយរយៈនេះផ្លែឈើវៀតណាម ហាក់ត្រូវប៉ាន់ខ្លាំងលើទីផ្សារអន្តរជាតិ តួយ៉ាងផ្លែមៀនវៀតណាមកំពុងត្រូវប៉ាន់ខ្លាំងនៅទីផ្សារជប៉ុន ហើយថ្មីៗនេះពួកគេមានគម្រោងនាំចេញផ្លែឈើ ៣ មុខទៀតទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមការចុះផ្សាយពី Vietnamplus បានបង្ហាញថា ផ្លែឈើ ៣ មុខដែលវៀតណាមគ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះគឺ ផ្លែចេក ផ្លែស្រកានាគ និងផ្លែទុរេន ខណៈពួកគេរំពឹងថានឹងអាចនាំចេញផ្លែឈើ ៣ មុខនេះ ឲ្យបានទឹកប្រាក់ ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ នេះ។
គិតត្រឹមខែមករាឆ្នាំនេះ ការនាំចេញបន្លែផ្លែឈើវៀតណាម មានទំហំ ៣០០ លានដុល្លារ កើនឡើង ៣% បើធៀបនឹងឆ្នាំទៅ ជាហេតុធ្វើឲ្យវៀតណាមមានក្ដីរំពឹងថា វិស័យមួយនេះនឹងទទួលបានចំណូល ៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ កើនឡើងពីឆ្នាំទៅ ២០%។
សូមជម្រាបដែរថា ម៉ូយដុំរបស់វៀតណាមក្នុងការនាំចូលផ្លែទុរេនគឺ ប្រទេសចិន និងប្រទេសមួយចំនួនទៀតដូចជា អូស្ត្រាលី អាមេរិក ជប៉ុន និងតៃវ៉ាន់។
ដោយឡែក សម្រាប់ផ្លែចេកវិញ វៀតណាមក៏ជាអ្នកនាំចេញទៅកាន់ចិនធំបំផុតទី ២ បន្ទាប់ពីហ្វីលីពីន ស្របពេលចិនចាយលុយច្រើនជាង ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការនាំចូលផ្លែចេកពីប្រទេសនៅអាស៊ីអាគ្នេយ៍៕