ឡាវ ព្យាយាមពន្លឿនគម្រោងវារីអគ្គិសនីហ្លួងព្រះបាង ឱ្យបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣០

អន្តរជាតិ

គម្រោងវារីអគ្គិសនីហ្លួងព្រះបាងរបស់ប្រទេសឡាវ ដែលបានបើកការដ្ឋានសាងសង់ចាប់តាំងពីឆ្នាំ ២០២០ មកនោះ ថ្មីៗនេះ ត្រូវបានគេរំពឹងថា អាចនឹងបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ ២០៣០ ខាងមុខ។ នេះបើតាមអ្វីដែលត្រូវបានឡើងដោយក្រសួងថាមពល និងរ៉ែរបស់ឡាវ ស្តីអំពីការពន្លឿនគម្រោងដ៏ធំមួយនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែឡាវ លោក Thongphat Inthavong បានមានប្រសាសន៍ថា គម្រោងនេះ ត្រូវបានបានចូលរួមសាងសង់ដោយក្រុមហ៊ុនធំៗចំនួន ៤ ដែលមានដូចជា PetroVietnam Power (វៀតណាម), PT (ឡាវ), CH. Karnchang (ថៃ) និង CK Power (ថៃ)។

គួរឱ្យដឹងថា គម្រោងវារីអគ្គិសនីហ្លួងព្រះបាង ជាគម្រោងកាត់ទទឹងទន្លេ ដែលអាចមានសមត្ថភាពស្តុកទឹករហូតដល់ ៧៣៤ លានម៉ែត្រគូប ខណ:គម្រោងនេះផងដែរ ត្រូវបានរំពឹងថា នឹងអាចមានសមត្ថភាពផលិតថាមពលអគ្គិសនី បានចំនួន ៦ ៥០០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ។

ជម្រាបជូនផងដែរថា គិតមកទល់ពេលនេះ ប្រទេសឡាវ មានគម្រោងថាមពលធំៗចំនួន ៩១ រួចមកហើយ ដែលអាចមានសមត្ថភាពបង្កើនថាមពលសរុបជាង ១១ ៦៦១ មេហ្គាវ៉ាត់ ដែលផលិតអគ្គិសនីបាន ៥៨ ៨១៣ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ ហើយសេវាថាមពលទាំងអស់ អាចគ្រប់ដណ្តប់ ៩៥% នៃចំនួនគ្រួសារសរុប នៅទូទាំងប្រទេស ៕