ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី បានរៀបចំស្តង់តាំងពិព័រណ៍ស្រូវអង្ករកម្ពុជា នៅក្នុងកម្មវិធីការតាំងពិព័រណ៍ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
នៅថ្ងៃអង្គារនេះដែរ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ធ្វើការទស្សនកិច្ចតាមស្តង់ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។ លោកជំទាវជាប្រធានក្រុមចចាររបស់កម្ពុជាក្នុងការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-អារ៉ាប់រួម។
ដើម្បីចូលរួមលើកស្ទួយ និងជំរុញដល់ផលិតផលកម្ពុជា នៅក្នុងទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចទីផ្សារផ្សេងៗ នៅក្នុងពិភពលោក ទោះបីជាកម្មវិធីដ៏មមាញឹក លើកិច្ចប្រជុំចចារ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនរវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំនួន ១៥រូប ទៅទស្សនាស្តង់របស់សហព័ន្ធស្រូវអង្ករកម្ពុជាដោយផ្ទាល់។
លោកឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ឱ្យដឹងថា ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍ចំណីអាហារ GULFOOD FAIR គឺកំពុងអនុវត្តន៍ឱ្យទាន់ពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបើកទីផ្សារ ជូនប្រទេសកម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា។
គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា ចាន់ សុឃាំង បានកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន២ធំៗគឺ ១)ជំរុញការនាំចេញអង្ករឱ្យបាន ៧៥ម៉ឺនតោននៅក្នុងឆ្នាំ២០២៣ និងឈានដល់ ១ លានតោនអង្ករនៅឆ្នាំ២០២៥ និង ២)បង្ករភាពងាយស្រួល ក្នុងការប្រកបរបរអាជីវកម្មក្នុងវិស័យស្រូវអង្ករ ប្រកបដោយប្រាក់ចំណេញ ភាពធន់ និរន្តភាព និងបរិយាបន្ន៕