ខេត្តកោះកុង ជាខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ មានសក្តានុពលខាងផ្នែកទេសចរណ៍ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រែកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះមួយចំនួនទៀត។ទន្ទឹមនឹងសក្តានុពលទាំងនោះ ក៏មានក្រុមហ៊ុនជាច្រើនកំពុងធ្វើការដាក់ទុនវិនិយោគក្នុងខេត្តកោះកុង ជាច្រើនផងដែរ។
ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក»របស់រដ្ឋបាលខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ដោយផ្អែកលើកត្តាភូមិសាស្រ្ត និងប្រជារាស្រ្ត បច្ចុប្បន្នខេត្តកោះកុង មានក្រុមហ៊ុនជាច្រើនបានដាក់ទុនវិនិយោគ។ ក្នុងនោះ រួមមាន ក្រុមហ៊ុនវិនិយោគលើវិស័យដំណាំឧស្សាហកម្ម-កសិកម្ម និងដំណាំកៅស៊ូ មានចំនួន៦ក្រុមហ៊ុន, ក្រុមហ៊ុនដែលវិនិយោគលើវិស័យទេសចរណ៍មានចំនួន១០ក្រុមហ៊ុន, ក្រុមហ៊ុនដែលវិនិយោគលើវិស័យថាមពលមានចំនួន៤ក្រុមហ៊ុន, និងការវិនិយោគជាតំបន់សេដ្ឋកិច្ចពិសេសមាន៤ទីតាំង។
លើសពីនោះ ខេត្តកោះកុងក៏មានកោះតូចធំចំនួន ៣៥កោះ ក្នុងនោះមាន៩កោះ ដែលមានផ្កាថ្ម ហើយក្នុងចំណោមកោះទាំងអស់មាន១៧កោះ មានក្រុមហ៊ុន ៩ធ្វើការវិនិយោគបន្ថែមទៀតផងដែរ។
គួរឱ្យដឹងថា ខេត្តកោះកុងមានប្រជាជនសរុបប្រមាណ ១៤៧.៨៣១នាក់ ហើយមុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់សេវាកម្ម ជួញដូរ ធ្វើស្រែចម្ការ រកអនុផលព្រៃឈើ នេសាទ និងធ្វើកម្មកររោងចក្រ និងសំណង់៕