សហភាពអឺរ៉ុបកំពុងខិតកាន់តែកៀក នឹងការអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី ១០ ចំពោះរុស្ស៊ី ស្របពេលខ្វះតែ ២ ថ្ងៃទៀតប៉ុណ្ណោះ គឺដល់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនហើយ។
យោងតាមការចុះផ្សាយពី Reuters បានបង្ហើបថា កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី ១០ នេះទៀតសោត គឺមានតម្លៃជិត ១២ ពាន់លានដុល្លារ ហើយវាក៏អាចនឹងក្លាយជាលើកដំបូង ដែលសារនេះសហភាពអឺរ៉ុប នឹងបិទរាល់ការនាំចេញទំនិញទៅកាន់សហគ្រាសអ៊ីរ៉ង់ ៧ ដែលសង្ស័យថា កំពុងផលិតសម្ភារៈសម្រាប់រុស្ស៊ី ក្នុងការធ្វើសង្គ្រាម។
ដោយឡែក ចំពោះការអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចនេះផងដែរ ក្រុមសមាជិក EU កំពុងជជែកគ្នា ហើយពួកគេក៏បង្ហើបដែរថា ការប្រកាសកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចទី ១០ ជាផ្លូវការសម្រាប់រុស្ស៊ី អាចនឹងធ្វើឡើងមុនគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។
សូមជម្រាបដែរថា EU ក៏បង្ហើបដែរថា ក្នុងខែនេះមានក្មេងៗអ៊ុយក្រែនយ៉ាងហោចណាស់ ៦ ០០០ នាក់ ត្រូវបានរុស្ស៊ីឃុំនៅតំបន់ Crimea ក្នុងគោលបំណងអប់រំគោលនយោបាយឡើងវិញ ប៉ុន្តែខាងរុស្ស៊ីច្រានចោលការចោទប្រកាន់ខាងលើ និងបកស្រាយថា ពួកគេគ្រាន់តែទទួលក្មេងៗដែលត្រូវបង្ខំឲ្យភៀសខ្លួនពីអ៊ុយក្រែនប៉ុណ្ណោះ៕