ឯកអគ្គរដ្ឋទូតប្រទេសទីម័រឡេស្តេប្រចាំកម្ពុជា បានឆ្លៀតថ្លែងអំណរគុណដល់កម្ពុជា ដែលបានលក់អង្ករឲ្យទីម័រ ខណៈកំពុងខ្វះខាតស្បៀង អំឡុងកូវីដ១៩ រាតត្បាតនេះ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម រវាងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា ជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។
ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការស្វាគមន៍ និងអបអរសាទរ ដែលឯកឧត្តម Ermenegildo Kupa Lopes ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន សម្តែងក្តីសង្ឃឹមថា ក្នុងអំឡុងបេសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម បានលើកឡើងថា កន្លងមកប្រទេសទំាំងពីរមានទំនាក់ទំនងល្អនឹងគ្នារួចហើយ ជាពិសេសតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច នៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រាក់ សុខុន ក៏បានជូនពរដល់បេសកម្មរបស់ឯកអគ្គរដ្ឋថ្មីទទួលបានជោគជ័យ ហើយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ត្រៀមសហការជាមួយឯកឧត្តមឯកអគ្គរដ្ឋ និងស្ថានទូតទាំងមូលផងដែរ។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ឯកឧត្តម Kupa Lopes បានសម្តែងការថ្លែងអំណរគុណដល់ឯកឧត្តមប្រាក់ សុខុន ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឲ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដែលជាបញ្ហាសកល ដោយឯកឧត្តមកត់សម្គាល់ឃើញថា កម្ពុជា មានការគ្រប់គ្រងស្ថានការណ៍បានល្អ ដោយពុំមានអ្នកឆ្លងថ្មី និងមានអ្នកជាសះស្បើយពីជំងឺនេះជិតអស់ហើយផងដែរ។ នេះបើតាមការគូសបញ្ជាក់តាមរយៈឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
នាកាសឱកាសនេះដែរ ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏បានឆ្លៀតថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុគ្រោះលក់អង្ករ ជូនប្រទេសទីម័រ ដែលកំពុងមានតម្រូវការចាំបាច់ នៅក្នុងអំឡុងពេលកូវីដ១៩កំពុងរាតត្បាតនេះ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ក៏មើលឃើញអំពីសក្កានុពលនៃស័យកសិកម្មកម្ពុជា និងគ្រោងពិភាក្សាផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ លើវិស័យនេះផងដែរ។ ប្រទេសទីម័រឡេស្តេ គឺជាប្រទេសដែលមានទំហំផ្ទៃដីតូច និងមានប្រជាជនរស់នៅតែប្រមាណ ១លាន៣សែននាក់ប៉ុណ្ណោះ៕