ការនាំចេញរបស់ថៃ ទៅកាន់ប្រទេសរុស្ស៊ីធ្លាក់ចុះដល់ជាង ៤០% កាលពីឆ្នាំ ២០២២ កន្លងទៅ

អន្តរជាតិ

បើតាមនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មថៃ បានធ្វើការរាយការណ៍ កាលពីថ្ងៃទី ២១ ខែកុម្ភ:ថា ការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី បានធ្លាក់ចុះ ៤៣,៣% មកត្រឹមចំនួនទឹកប្រាក់ ៥៨៥,៤ លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ វាត្រូវបានគេរំពឹងថា ការនាំចេញរបស់ប្រទេសថៃ ទៅកាន់រុស្ស៊ី នឹងនៅតែបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងឆ្នាំ ២០២៣ នេះ ដោយសារតែបញ្ហាសង្គ្រាម រវាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជាមួយប្រទេសអ៊ុយក្រែន នៅតែមិនទាន់បញ្ចប់ នៅឡើយ ។

សម្រាប់ទំនិញសំខាន់ៗទាំង ១០ ដែលប្រទេសថៃ បាននាំចេញទៅកាន់រុស្ស៊ី មានដូចជា យានយន្ត សំបកកង់ គ្រឿងចក្រ/គ្រឿងម៉ាស៊ីន ផ្លែឈើកំប៉ុង គ្រឿងបន្លាស់ ប្រេងចម្រាញ់ អាហារសមុទ្រកំប៉ុង កៅស៊ូកែច្នៃ អង្ករ និងគ្រឿងធ្វើម្ហូប ។

គួរឱ្យដឹងថា រថយន្ត គ្រឿងបរិក្ខារ និងគ្រឿងបន្លាស់ ដែលជាទំនិញមានតម្លៃខ្ពស់ គឺតែងតែជាផលិតផលនាំចេញកំពូល របស់ប្រទេសថៃ ទៅកាន់ទីផ្សាររុស្ស៊ី ដោយមានចំនួន ៣០% នៃការនាំចេញសរុបរបស់ថៃ ទៅកាន់រុស្ស៊ី ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃនៃការនាំចេញរថយន្តរបស់ថៃ ទៅកាន់រុស្ស៊ី បានធ្លាក់ចុះ ៧៤,០១% ពីចំនួន ១០,២ពាន់លានបាត (ប្រហែល ២៩៥ លានដុល្លារ) នៅក្នុងឆ្នាំ ២០២១ ធ្លាក់មកនៅចំនួនត្រឹម ២,៦ពាន់លានបាត (៧៥លានដុល្លារ) នៅក្នុងឆ្នាំ ២០២២ ។

ទន្ទឹមនឹងនេះ ចំពោះការនាំចេញឧបករណ៍ និងគ្រឿងបន្លាស់រថយន្តវិញ ត្រូវបានគេរំពឹងថា នឹងមានការងើបឡើងវិញ នៅឆ្នាំ ២០២៣ នេះ ជាពិសេសគ្រឿងបន្លាស់រថយន្ត ដែលកំពុងមានតម្រូវការខ្ពស់ នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់តម្លៃនៃការនាំចេញវិញ អាចនឹងបន្តប្រែប្រួលខ្លាំង ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅតែបន្ត ៕