ទោះទទួលរងទណ្ឌកម្មជុំទិស តែសេដ្ឋកិច្ចរបស់រុស្ស៊ី ធ្លាក់ចុះតិចជាងការរំពឹងទុក

អន្តរជាតិ

យោងតាមសហព័ន្ធផ្តល់សេវាផ្នែកស្ថិតិ Rosstat បានបង្ហាញការពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះត្រឹម ២,១% ប៉ុណ្ណោះ កាលពីឆ្នាំ ២០២២ កន្លងទៅ ពោលគឺធ្លាក់ចុះតិចជាងការរំពឹងទុក បើទោះបីជាបានជាប់ដៃនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងទទួលរងទណ្ឌកម្មពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា ការប៉ាន់ប្រមាណផលិតផលក្នុងស្រុកសរុប (GDP) លើកដំបូងរបស់ Rosstat សម្រាប់ឆ្នាំ ២០២២ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្តើម កាលពីខែកុម្ភ: ហើយអ្វីដែលពួកគេទទួលបាន គឺលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារតែសេដ្ឋកិច្ចរបស់រុស្ស៊ី ហាក់មានការធ្លាក់ចុះតិចតួចប៉ុណ្ណោះ ខណ:កាលពីឆ្នាំ ២០២១ សេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងដល់ ៥,៦% ។

យ៉ាងណាមិញ ចំពោះការធ្លាក់ចុះដ៏តិចតួចនេះ ហាក់ផ្ទុយស្រឡះពីអ្វីដែលបានរំពឹងទុក ខណ:ពេលដែលក្រសួងសេដ្ឋកិច្ចរបស់រុស្ស៊ីផ្ទាល់ ធ្លាប់បានធ្វើការព្យាករថា សេដ្ឋកិច្ចប្រទេសរបស់ខ្លួន អាចនឹងមានការធ្លាក់ចុះរហូតដល់ ១២% ឯណោះ នៅក្នុងឆ្នាំ ២០២២ ពោលគឺជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ចាប់តាំងពីជំនាន់សហភាពសូវៀតត្រូវដួលរលំ និងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុ នៅក្នុងឆ្នាំ ១៩៩៨ ផងដែរ ។

លើសពីនេះ ទៅទៀត កាលពីខែមេសា ឆ្នាំ ២០២២ កន្លងទៅ ធនាគារពិភពលោក ក៏បានធ្វើការព្យាករផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី អាចនឹងមានការធ្លាក់ចុះដល់ ១១,២% ខណ:ស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ថែមទាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ៖ ” ដោយសារតែមានការលុកលុយទៅលើអ៊ុយក្រែន ប្រទេសរុស្ស៊ី នឹងប្រឈមមុខជាមួយនឹងបញ្ហាសេដ្ឋកិច្ចដ៏ធំបំផុតមិនធ្លាប់មាន “​។

ធនាគារពិភពលោក បានបន្ថែមទៀតថា ៖ ” សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២២។ ហើយ GDP វិញ រំពឹងថានឹងធ្លាក់ចុះដល់ ១១,២% ជាមួយនឹងការងើបឡើងវិញតិចតួចបំផុត ក្នុងរយ:ពេល ២ ឆ្នាំខាងមុខ “​។

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរបស់រុស្ស៊ី ហាក់​នៅតែមានភាពរឹងមាំ បើទោះបីជាវិស័យមួយចំនួន ដូចជាឧស្សាហកម្មផលិត និងពាណិជ្ជកម្មលក់ដុំ និងរាយ បានធ្លាក់ចុះ នៅក្នុងឆ្នាំ ២០២២ ក៏ដោយ ប៉ុន្តែវិស័យផ្សេងទៀត ដូចជាកសិកម្ម បដិសណ្ឋារកិច្ច សំណង់ និងរ៉ែ សុទ្ធសឹងតែទទួលបានកំណើនគួរឱ្យកត់សម្គាល់ ។

ជាងនេះទៅទៀត ការនាំចេញរបស់រុស្ស៊ី ក៏បានកើនឡើងខ្លាំងផងដែរ ដល់ ១២,៨% នៅក្នុងឆ្នាំ ២០២២ ដោយសារតែតម្លៃនៃប្រេងឥន្ធន: ដែលបាននាំចេញ និងផលិតផលថាមពលផ្សេងទៀត គឺខ្ពស់ជាងការនាំចូលយ៉ាងច្រើន ។

ដោយឡែក អតិរេកពាណិជ្ជកម្មរបស់រុស្ស៊ី ក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងឆ្នាំ ២០២២ ដោយសារតែការធ្លាក់ចុះនៃការនាំចូល និងការនាំចេញមានកើនឡើងខ្ពស់ ជាពិសេសទៅលើផលិតប្រេង និងឧស្ម័ន បើទោះពីជាមានការខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចរុស្ស៊ី ជាមួយនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ក៏ដោយ ៕