ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគចំនួន៣ ត្រូវបានរដ្ឋអនុម័តឱ្យបើកដំណើរការរោងចក្រ នៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ។ រោងចក្រទាំង៣នេះ ដែលបើកដំណើរការនេះ មានទំហំទុនវិនិយោគសរុប ជាង១៧លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋជាង៦ពាន់កន្លែង។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន៣ នោះរួមមាន ៖
១- “PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។
២- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។
៣-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ក្រុមប្រឹក្សា អភិវឌ្ឍ កម្ពុជា (CDC)បានចេញ វិញ្ញាបនបត្រដល់ក្រុមហ៊ុន២៦ សម្រាប់ការវិនិយោគស្ថិតក្នុងទំហំទឹក ប្រាក់ ប្រមាណ ជាង១៨៤លានដុល្លារ អាមេរិក៕