ស្ថាបនិកក្រុមហ៊ុន ពិភពដីមាស គ្រុប ចំនួន៣រូប ទទួលការតែងតាំងជា «ទីប្រឹក្សា» ប្រធានរដ្ឋសភា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ាបណ្ឌិត ហ៊ី គឹមហុង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន ពិភពដីមាស គ្រុប ​​​​ត្រូវ​បាន​ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​ទ្រង់​សព្វព្រះរាជ​ហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជក្រឹត្យ ក្នុង​ព្រះបរមនាម និង​តាម​​​ព្រះរាជត្រាស់​បង្គាប់ ប្រមុខ​រដ្ឋ​ស្តីទី សម្តេច​វិបុលសេនាភក្តី សាយ ឃុំ តែងតែង និង​ផ្តល់​ឋានៈ​ ជា​ «ទីប្រឹក្សា» សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋលេខាធិការ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ាបណ្ឌិត ហ៊ី គឹមហុង ស្ថាបនិកក្រុមហ៊ុន ពិភពដីមាស គ្រុប និងលោកជំទាវ

ជាមួយគ្នា​នេះ តាមរយៈ​ព្រះរាជក្រឹត្យ​​លេខ នស/រកត/០២២៣/២៨២ ​​ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ​ថ្នាក់ដឹកនាំ​​ពីរ​រូប​ទៀត ​​របស់​​ក្រុមហ៊ុន ពិភពដីមាស គ្រុប ក៏​ទទួល​បាន​ការ​តែងតាំងជា ​«ទីប្រឹក្សា» សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រកម្ពុជា ផង​ដែរ។ ក្នុង​នោះ ឧកញ៉ា ថូ វុទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ក៏​ទទួល​បាន​ការ​តែង​តាំង​ជា ​មាន​ឋានៈ​ស្មើ «រដ្ឋលេខាធិការ» ខណៈ​ដែល​លោក​បណ្ឌិត ហៀង សុវណ្ណារិទ្ធិ អនុប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុក​រដ្ឋបាល នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ទទួល​បាន​ការ​តែង​តាំង​មានឋានៈស្មើ «អនុរដ្ឋលេខាធិការ»។

សូមជម្រាបថា អ្នកឧកញ៉ា ហ៊ី គឹមហុង ជាអ្នកជំនួញអចលនទ្រព្យ ដ៏​ជោគជ័យ​ម្នាក់​ ប៉ុន្តែ​ពុំ​សូវ​បង្ហាញ​មុខនោះ​ទេ ហើយ​លោកធ្លាប់ទទួលបានគោរមងារឧកញ៉ា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ ចំណែក​ឯ​​លោកបណ្ឌិត​ ថូ វុទ្ធី ​​ទទួល​បាន​គោរមងារ​ឧកញ៉ា កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២២ និង​ទើប​ទទួលសញ្ញាបត្រ​បណ្ឌិត ផ្នែក​គ្រប់គ្រងពាណិជ្ជកម្ម (Doctor’s Degree in Business Administration) ពីសាកលវិទ្យាល័យ BODHISASTRA រដ្ឋ FLORIDA សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៕

ឧកញ៉ា ថូ វុទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ពិភពដីមាស គ្រុប និងលោកជំទាវ
លោក​បណ្ឌិត ហៀង សុវណ្ណារិទ្ធិ អនុប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុក​រដ្ឋបាល នៃក្រុមហ៊ុន ពិភពដីមាស គ្រុប