ប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជាដឹកនាំដោយលោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ជូម៉ា អាល់ កាត អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនិងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី៣ និងជាជុំចុងក្រោយ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃកាលពីថ្ងៃទី២០ ដល់ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រធានក្រុមចរចាទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានក្រុម និងសមាជិកក្រុមការងារដែលប្រកាន់ខ្ជាប់នូវសា្មរតីទំនួលខុសត្រូវខ្ពស់ និងភាពបត់បែន ដែលញ៉ាំងឱ្យដំណើរការចរចាជុំទី៣ និងជាជុំចុងក្រោយប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងផ្លែផ្កាគួរជាទីសោមនស្សរីករាយ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «ជាលទ្ធផល ភាគីទាំងពីរសម្រេចបានការចរចាលើអត្ថបទជំពូក និងឧបសម្ព័ន្ធទាំងស្រុងនៃកិច្ចព្រមព្រៀង ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវា របាំងពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន»។
ភាគីទាំងពីរក៏បានគូសបញ្ជាក់សារជាថ្មី នូវសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ដែលនឹងចូលរួមលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ សម្រួលដល់លំហូរពាណិជ្ជកម្ម ក៏ដូចជាជំរុញការវិនិយោគទ្វេភាគី និងការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្ មជាពិសេសរវាងអាស៊ាននិងមជ្ឈឹមបូព៌ា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយ បរិយាប័ន្ន ភាពធន់ និងចីរភាព។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពរៀបចំពិធីប្រកាសបិទជាផ្លូវការ ក្នុងអំឡុងដំណើរបេសកកម្មធុរកិច្ចរបស់លោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម នាខែមីនាខាងមុខ នៅកម្ពុជា តាមការអញ្ជើញរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។
ជាកិច្ចបញ្ចប់ ប្រធានក្រុមចរចាទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមដែលជាលទ្ធផលនៃការចរចាជុំចុងក្រោយនេះ និងឯកភាពពន្លឿនបញ្ចប់ការសម្អាតអត្ថបទ (Legal scrubbing) មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA ដ៏មានសារៈសំខាន់នេះ នាពេលឆាប់ៗខាងមុខនេះ៕អត្ថប៖សារេត