អ្នកឧកញ៉ា ម្ចាស់សណ្ឋាគារ សុខា អញ្ជើញធ្វើបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់

ជុំវិញ​ឧកញ៉ា

កាលពីរសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ​​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និង​ជា​ម្ចាស់​សណ្ឋាគារ សុខា ​​បាន​អញ្ជើញ​​ធ្វើ​បដិសណ្ឋារកិច្ច​​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែល​បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីបិទសន្និបាត​ត្រួតពិនិត្យលទ្ធផល​ការងារ​ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នៅ​សណ្ឋាគារ​ សុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមាន​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅ​កាន់​សណ្ឋាគារ​ សុខា​ភ្នំពេញ ​ក្នុង​ពិធី​បិទ​សន្និបាត​ខាង​លើ​នេះ គេ​ឃើញ​មាន​​ការ​ចូល​រួម​ធ្វើ​បដិសណ្ឋារកិច្ច​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​​របស់​រាជរដ្ឋាភិបាលកម្ពុជា​ជា​ច្រើនរូប ​ទាំងមន្ត្រី​ស៊ីវិល និង​កង​កម្លាំងនគរបាលជាន់ខ្ពស់។ ទទឹម​នឹង​នោះ អ្នកឧកញ៉ា សុខ គង់ ​​​​ក៏​បាន​ចូល​រួម​ធ្វើ​បដិសណ្ឋារកិច្ច​សម្តេច​តេជោ ដោយ​ផ្ទាល់​​ទៅ​កាន់​សណ្ឋាគារ​របស់​លោក ដើម្បី​​​ចូល​រួម​ក្នុង​វេទិកា​សន្និបាត​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោកបណ្ឌិត ងិន បាណាល់ កូន​ប្រសារ​របស់​អ្នកឧកញ៉ា សុខ គង់ ​​ក៏​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​ដែរ។ លោក​​ឧត្តមសេ​នីយ៍​ឯក ងិន បាណាល់ ​​​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ ​​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ភ្ជាប់​ជាមួយ​នឹង​សារ​ថា៖ “ថ្ងៃនេះ ខ្ញុំបាទទទួលបានកិត្តិយសដ៏ឧត្តុងឧត្តមបានថតរូបអនុស្សាវរីយ៍ក្នុងឯកសណ្ឋានជាមួយ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកពុក។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់”។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ ឱ្យ​ដឹង​ថា​ ផ្អែកលើសេចក្ដីរាយការណ៍​នៃលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើទិសដៅការងារឆ្នាំ២០២៣ របស់​ក្រសួង​មហាផ្ទៃ បានបង្ហាញឱ្យ​ឃើញសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ សំដៅលើកកម្ពស់គុណភាព​ការងារ​របស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូម​ជម្រាប​ជូន​ថា ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ណែនាំ​ដល់កងកម្លាំងនគរបាលជាតិ សម្រាប់អនុវត្តការងារឆ្នាំ២០២៣ ថា ត្រូវបន្ដពង្រឹង និងថែរក្សាការពារសន្ដិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយម ព្រម​ទាំង​បន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនិតិរដ្ឋ ព្រមទាំងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕