រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួងស្ថាប័ន ពាក់ព័ន្ធដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ២០១៩-២០២៣ រយៈពេល ១ឆ្នាំនេះ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ិត សំហេង គូសបញ្ជាក់ថា«ជោគជ័យទាំងនេះ បានបង្ហាញតាមរយ:ការធានាបាននូវការអភិវឌ្ឍទីផ្សារការងារដែលមានភាពធន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់ប្រជាពលរដ្ឋ, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោតលើការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សកម្មភាពធុរកិច្ចប្រកបដោយភាពរស់រវើក និងការវិនិយោគប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទីផ្សារការងារ»។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ ការខិតខំអនុវត្តបានយ៉ាងល្អតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍមូលធន មនុស្សដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១-ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ២-លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣-បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤-ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។
ក្រសួងបាននិងកំពុងអនុវត្តផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ ២០២១-២០២៥ ដោយផ្តោតលើយុទ្ធសាស្ត្រចំនួន ៤ គឺ ១) ការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ រូបវន្តរបស់គ្រឹះស្ថានសិក្សា ២) ការបំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារបណ្តុះបណ្តាល ៣) ការពង្រឹងសមត្ថភាព អ្នកដឹកនាំគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស និង៤) ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេក ទេស និងវិជ្ជាជីវៈប្រកបដោយបរិយាប័ន្នយេនឌ័រ។ រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET-DAY) នៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីសារៈសំខាន់ពីវិស័យនេះ ដល់គ្រប់ភាគីភាព ពាក់ព័ន្ធជាពិសេស ដល់គ្រប់មូលដ្ឋានសហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន និងជនងាយរងគ្រោះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបានត្រៀមរៀបចំ ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣ នេះតទៅឱ្យ មានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖សារេត