ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីមបានលើកឡើងថា ថ្វីបើការរស់នៅក្នុងខុនដូជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ បានអះអាងថា ប្រជាជនកម្ពុជាភាគច្រើនហាក់មិនទាន់បានស្វែងយល់ស៊ីជម្រៅនៅឡើយពីផលចំណេញនៃការរស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើនទៅលើលំនៅដ្ឋានក្នុងបុរី ឬ សង់ជាប់ផ្ទាល់ដី។ហេតុនេះ ដើម្បីឲ្យអ្នកដែលមាន បំណងចង់ទិញខុនដូ លោក ច្រឹក សុខនីម បានផ្តល់គន្លឹះដ៏ឆ្លាតវៃ៥ចំនុច ដល់អ្នកដែលចង់រស់នៅ ខុនដូរួមមាន៖
១. មានពេលវេលាច្រើនក្នុងការបំពេញការងារ
ការរស់នៅក្នុងខុនដូអាចជួយសន្សំពេលវេលាបានច្រើនសម្រាប់អ្នកដែលត្រូវការពេលច្រើនក្នុងការបំពេញការងារ។ សន្សំពេលវេលាគឺសំដៅដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងការចំណាយពេលតិចបំផុតរវាងកន្លែងធ្វើការ និងកន្លែងរស់នៅ។ ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ភាគច្រើននៃយុវជនក្នុងវ័យពី២៥ទៅ៤០ឆ្នាំមានបំណងចង់ពង្រឹងសមត្ថភាព និងពង្រីកមុខជំនួញរបស់ពួក។ ការរស់ក្នុងតំបន់កណ្ដាលទីក្រុងអាចជួយពួកគេឲ្យសម្រេចគោលដៅទាំងនេះបាន។
២. មិនរវល់ធ្វើការងារផ្ទះច្រើន
ជាធម្មតាយូនីតខុនដូមានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅដែលទាមទារការសម្អាតនោះទេ។ រស់នៅក្នុងខុនដូអ្នកនឹងចំណាយពេលតិចបំផុតសម្រាប់ការសំអាតទូទៅ។ ម្យ៉ាងទៀតអគារខុនដូជាច្រើនមានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី។ ដូច្នេះអ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត។
៣. ប្រមូលផ្តុំដោយសេវាកម្មសម្បូរបែប
ខុនដូត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវជីវិតរស់នៅទាន់សម័យ ភាពងាយស្រួល និងមានផាសុកភាព។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុនដូបានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក និងប្រព័ន្ធការពារសន្តិសុខ ដូចជា៖ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាសអាសន្ន និង សន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មានសុវត្ថិភាពទៅដល់អ្នករស់នៅក្នុងអគារទាំងមូល។
៤. ផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍
ការរស់នៅមានអ្នកជិតខាងគឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារពួកគេអាចជួយទុកធុរៈអ្នកបាន ពេលមានអាសន្ន ឧទាហរណ៍ប្រសិនបើអ្នកភ្លេចយកសោរមកតាមខ្លួន ពួកគេអាចជួយឲ្យអ្នកចូលទៅក្នុងអគារខុនដូបាន។ ម្យ៉ាងទៀតពួកគេក៏អាចក្លាយជាមិត្តជិតស្និតរបស់ អ្នក ធ្វើសកម្មភាពផ្សេងៗជាមួយគ្នាដូចជា ញ៉ាំអាហារ និងជជែកគ្នាលេងនាចុងសប្ដាហ៍។ ការរស់នៅក្នុងខុនដូផ្ដល់ឳកាសឲ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតរស់នៅក្នុងអគារជាមួយគ្នា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចរស់នៅក្នុងសហគមន៍មួយ។
៥. បង្កភាពងាយស្រួលច្រើនដោយសារមានទីតាំងល្អ
អគារខុនដូភាគច្រើនត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលបង្កភាពងាយស្រួលគ្រប់បែបយ៉ាង។ ក្នុងនោះដែរការធានាផ្តល់ជូននូវសេវាកម្មចាំបាច់នានាជាកត្តាសំខាន់ដែលអាចធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងខុនដូនឹងមិនចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ ឬសាលារៀន ជាដើម។ ជាក់ស្តែង ជុំវិញគម្រោងខុនដូនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ឬក្រុងព្រះសីហនុតែងស្ថិតនៅទីតាំងប្រមូលផ្តុំ ដោយសេវាកម្មសំខាន់ដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សិរីការ