លោកជំទាវ ឆាយ ស៊ីវលីន៖ ទេសចរផ្ទៃក្នុងដើរកម្សាន្តក្នុងមួយសប្តាហ៍ជាង៣០ម៉ឺននាក់

កម្សាន្ត

ប្រមុខរាជរដ្ឋាភិបាលថ្មីៗបានលើកឡើងថា ទេសចរផ្ទៃក្នុងក្នុងមួយអាទិត្យឬក្នុងមួយសប្តាហ៍បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ឆ្នេរនិងតំបន់នានានៅក្នុងស្រុកមានមិនតិចជាង៣០ម៉ឺននាក់នោះទេ ហើយចំនួននេះត្រូវបានអ្នកជំនាញនៅក្នុងវិស័យទេសចរផ្នែកឯកជនចាត់ទុកថាវាបានចូលរួមបង្កើតការងារនិងជួយដល់សេដ្ឋកិច្ចពលរដ្ឋរស់នៅតាមមូលដ្ឋានក្រៅពីជួយផ្សព្វផ្សាយដោយប្រយោល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ទេសចរទៅជនបទមានកាន់តែច្រើន ។ឥឡូវនេះអ្វីដែលជាចំណុចល្អរបស់យើងនៅក្នុងមួយអាទិត្យៗ មានទេសចរផ្ទៃក្នុងមិនតិចជាង៣០ម៉ឺននាក់ទេ ពួកគាត់ទៅកម្សាន្តនៅតំបន់ឆ្នេរនិងតំបន់នានា ហើយបានបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅជនបទដែលមានផ្លែឈើហូបផ្លែពួកគាត់អាចដោះស្រាយបានការងារច្រើន អមទៅជាមួយការអបរំ ការពារបរិស្ថានដោយយកបរិស្ថានដើម្បីទាញទេសចរទៅកម្សាន្ត ដោយមិនមែនទៅកាប់ឈើ,មិនមែនទៅបំផ្លាញសត្វព្រៃហើយប្រមូលទេសចរអត់បាននោះទេ។ទេសចរត្រូវការមើលព្រៃ ត្រូវការមើលសត្វ ពិសេសត្រូវមានវិធីសាស្ត្រដើម្បីដោះស្រាយ»។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ជុំវិញភ្ញៀវទេសចរក្នុងស្រុកចេញដើរក្នុងមួយសប្តាហ៍ៗគឺមានចំនួនប្រហាក់ប្រហែលជាង៣០ម៉ឺននាក់ គឺជាចំនួនមួយមានការកើនឡើងច្រើនគួរសម។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា «សម្រាប់ខ្ញុំ ។ ខ្ញុំគិតថាចំនួនទេសចរប្រមាណ៣០ម៉ឺននាក់នេះគឺជាចំនួនមួយដែលមានការកើនឡើងច្រើនគួរសម ហើយការចេញដើររបស់ប្រជាពលរដ្ឋនេះវានឹងជួយទៅដល់ការបង្កើតការងាររបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។ កាលណាគាត់ចេញដើរ គាត់ទទួលយកសេវាផ្សេងៗ អីចឹងវាបានជួយទៅដល់សេដ្ឋកិច្ចមូលដ្ឋាននិងថែមទំាងជួយផ្សព្វផ្សាយប្រយោលផងដែរ»។

លោកជំទាវបន្តថា ភាពរាំងស្ទះនៃការចេញដើររបស់ទេសចរក្នុងស្រុក ខ្ញុំគិតថាទៅកាន់តំបន់ទេសចរថ្មីនិងតំបន់ចាស់ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរ។សំខាន់ការផ្គត់ផ្គង់សេវាកម្មនានា ព្រោះថាទេសចរគាត់ទៅដល់ទីណាគាត់តែងតែត្រូវការសេវាកម្ម។គាត់ត្រូវការផ្គត់ផ្គង់ ត្រូវការសម្របសម្រួលនៅទីនោះ អីចឹងឃើញថាតំបន់ទេសចរដែលទាក់ទាញនៅក្នុងប្រទេសកម្ពុជាមានច្រើន ប៉ុន្តែជូនកាលយើងអត់ទាន់មានការរៀបចំទៅដល់ ជាហេតុអាចធ្វើឱ្យទេសចរក្នុងស្រុកមិនចង់ទៅ ដោយគាត់ទៅកាន់តំបន់ណាដែលមានការផ្គត់ផ្គង់សេវាកម្មមានស្រាប់។ដូចនេះវាជាភាពរំាងស្ទះមួយនៅក្នុងការចេញដើររបស់ពលរដ្ឋក្នុងស្រុក៕ អត្ថបទ៖សារេត