អ្នកជំនាញទេសចរក្នុងស្រុកមានទំនុកចិត្តនិងជឿជាក់ទៅលើគោលដៅហោះហើរថ្មីថានាំយកភ្ញៀវទេសចរចិនមកកាន់កម្ពុជាថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

អ្នករកស៊ីនៅក្នុងវិស័យទេសចរផ្នែកឯកជនក្នុងស្រុកហាក់មានទំនុកចិត្តនិងជឿជាក់ទៅលើគោលដៅហោះហើរថ្មីនៅក្នុងប្រទេសចិនថានាំយកនៅភ្ញៀវទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀត បន្ទាប់ពីមានជើងយន្តហោះនំាយកភ្ញៀវប្រហែល២០០នាក់ដំបូងមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកជំទាវ ឆាយ ស៊ីវលីន តំណាងឱ្យអ្នករកស៊ីនៅក្នុងវិស័យទេសចរផ្នែកឯកជននៅកម្ពុជាបានឱ្យដឹងថាថ្មីៗនេះក្រុមហ៊ុនអាកាសចរខេត្តហៃណានគាត់បានបើកការហោះហើរពីស៊ិនជិននិងពីខេត្តហៃណានមកកាន់កម្ពុជា ហើយយើងបានផ្គូផ្គងរវាងវិស័យឯកជននិងឯកជនដែលជាទីភ្នាក់ងារទេសចររវាងខេត្តហៃណាននិងប្រទេសកម្ពុជា ហើយបានចុះអនុស្សរណៈយោគយល់គ្នាអំពីការបញ្ជូនភ្ញៀវទេសចរទៅវិញទៅមក ព្រោះថាហៃណានជាខេត្តមួយដែលមានសក្តានុពលខ្លំាងក្នុងការទាក់ទាញភ្ញៀវទេសចរពីកម្ពុជា ហើយកម្ពុជាក៏មានសក្តានុពលទាក់ទាញភ្ញៀវទេសចរពីខេត្តហៃណាន ដោយសារខេត្តមួយនេះសំបូរទៅដោយពលរដ្ឋចិនដែលមានលទ្ធភាពច្រើន តែងតែទិញផ្ទះលំហែរនៅខេត្តហៃណាន។

លោកជំទាវមានប្រសាសន៍ថា«យើងឃើញថាមានការតំាងចិត្តពីខាងខេត្តហៃណានដោយសារគាត់មានយន្តហោះរបស់គាត់អាចហោះហើរផ្ទាល់មកតែម្តងមកកាន់កម្ពុជា។តំណាងខេត្តហៃណានតំាងចិត្តបញ្ជូនភ្ញៀវទេសចរចិនមកកាន់កម្ពុជា ហើយខាងកម្ពុជាក៏ទើបតែទទួលបានភ្ញៀវពីប្រទេសចិនជាបន្តបន្ទាប់។ភ្ញៀវទេសចរចិនចេញមកពីខេត្តហៃណានមកកាន់កម្ពុជាមួយជើងៗមានជិត២០០នាក់ហើយបរិមាណនេះជាចំនួនច្រើនដោយសារយន្តហោះមួយអាចផ្ទុកភ្ញៀវបានប្រមាណ២១០ឬ២២០កៅអី អីចឹងបើភ្ញៀវទេសចរឡើងដល់១៨០នាក់ឬជិត២០០នាក់គេចាត់ទុកវាជាចំនួនដ៏ច្រើន»។

លោកជំទាវសង្កត់ធ្ងន់ថា«យើងមើលឃើញថាខេត្តហៃណានមានសក្តានុពលច្រើន ព្រោះនៅពេលដែលគាត់ចាប់ផ្តើមប្រតិបត្តិការឡើងវិញស្តីពីកិច្ចសហការរបស់គាត់ ។គាត់នាំយកនូវភ្ញៀវទេសចរមកតែម្តង គាត់មិននិយាយតែម៉ាត់ឬនិយាយឱ្យតែបាននោះទេ។ដូចនេះយើងមានទំនុកចិត្ត យើងមានការជឿជាក់ទៅលើគោលដៅហោះហើរមួយនេះថានិងបញ្ជូនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបន្ថែមទៀតទៅលើចំនួនដែលកំពុងតែកើនឡើងជារៀងរាល់ថ្ងៃ»។
បើតាមអ្នកជំនាញក្នុងវិស័យទេសចរខាងលើ ភ្ញៀវទេសចរចិនចូលមកកម្ពុជានិងទៅទស្សនានៅតំបន់វប្បធម៌ក្នុងទឹកដីខេត្តសៀមរាប និងទៅទស្សនារាជធានីភ្នំពេញនិងនៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា៕
អត្ថបទ៖សារេត