សម្តេច ហ៊ុន សែន៖ ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងកម្ពុជារីកចម្រើនទៅដល់ណានោះទេ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ ព្រោះកាលនោះប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត។នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ ព្រោះពេលនោះ ប្រជាពលរដ្ឋកម្ពុជា មានប្រាក់ចំណូលច្រើនជាងប្រជាជនប្រទេសកូរ៉េខាងត្បូងទៅទៀត តែពេលនេះកូរ៉េខាងត្បូងបានទៅមុខយ៉ាងឆ្ងាយ ដោយសារកំហុសនៃការធ្វើរដ្ឋប្រហារទម្លាក់អង្គសម្តេចឪ។

សម្តេចបានបន្តថា៖«ជំនាន់អតីតកាលមក កម្ពុជាមានការបែកដាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង ជំនាន់នេះអ្នកបង្ក្រាបសម្ដេច គឺមិនទាន់កើតចេញពីពោះម្ដាយនៅឡើយទេ ហើយបើអ្នកមិនទាន់ចេះនយោបាយទេ សូមកុំចង់ធ្វើនយោបាយអី»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអតីតកាល នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅកម្ពុជា ដែលពេលនោះ គឺមានការលំបាកខ្លាំងណាស់។ សម្តេចតេជោ បានដឹកនាំការធ្វើកំណែទម្រង់ចាប់ពីឆ្នាំ១៩៨៥មក រហូតដល់មានលទ្ធផលល្អប្រសើរមកទល់ពេលបច្ចុប្បន្ននេះ។

ស្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសដល់បរទេស និងផ្នែកពាក់ព័ន្ធនានា  សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយនោះឡើយ ព្រោះកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។

គួរបញ្ជាក់ដែរថា ដើម្បីជំរុញកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងមានការអភិវឌ្ឍន៍ពេញលេញ សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្ន ដែលយើងត្រូវបង្កើន និងពង្រឹងឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះមានតម្រូវការកាន់តែធំ ដូច្នេះទើបសម្ដេចតេជោបានដាក់ចេញផែនការគោនយោបាយឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈនេះដល់សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ៕

អត្ថបទ៖ ពិសី