ប្រធានាធិបតីបេឡារុស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរយៈពេលច្រើនជាង ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ កុម្ភៈ តាមការអញ្ជើញផ្ទាល់ពីប្រធានាធិបតីចិន ស៊ី ជិនពីង។ នេះបើតាមការចុះផ្សាយពី Japantimes។
សេចក្ដីប្រកាសពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលទៅកាន់ប្រទេសចិន គឺធ្វើឡើងក្រោយ អាមេរិកចោទប្រកាន់ចិនថា មានបំណងចង់ផ្គត់ផ្គង់សព្វាវុធដល់សម្ព័ន្ធមិត្តរុស្ស៊ី ខណៈចិនច្រានចោលការចោទប្រកាន់ខាងលើ។
ដោយឡែក ប្រធានាធិបតីបេឡារុសបានអះអាងថា ដំណើរទស្សនកិច្ចសារនេះទៅកាន់ប្រទេសចិន នឹងក្លាយជាឱកាសក្នុងការជជែកគ្នាអំពី “ការឆ្លើយតបទៅនឹងបញ្ហាប្រឈមធ្ងន់ធ្ងរនៅក្នុងមជ្ឈដ្ឋានអន្តរជាតិទំនើប”។
ទន្ទឹមនឹងនោះ តាមរយៈការឆ្លើយឆ្លងតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំង ២ គឺ Sergei Aleinik និងលោក Qin Gang បានសង្កត់ធ្ងន់ថា ចិនចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ និងស្វែងរកដំណោះស្រាយជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន៕