ថ្លែងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុក វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣ គឺជាវេទិកាបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និងពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរមតិយោបល់ និងទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។ លើសពីនេះ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ក៏ជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និងគ្រប់ទំហំអាជីវកម្ម ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលអាចរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជនអាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏កោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើមនិងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣ ដ៏សំខាន់នេះឡើង ៕